សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រកាសប្រើប្រាស់Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok,Telegram ,instagram,បន្ទាប់ពីក្រុមហ៊ុនទាត់ចោលអនុសាសន៍របស់ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta និងផ្តល់
យុត្តិធម៌មកឲ្យសម្តេចកាលពីសប្តាហ៍កន្លង។
នៅក្នុងបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។
ទន្ទឹមនឹងនោះសម្តេចតេជោបានដាក់ក្តីសង្ឃឹមថា ក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំបើតាមតួលេខផ្នែកពន្ធដារ។
ជុំវិញការទាត់ចោលសំណើរក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platform មកលើ Facebook សម្តេចតេជោនោះ ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍ បានប្រកាសទទួលយកតំណាងក្រុមហ៊ុន Meta Platform ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។
យ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចប្រើឬមិនប្រើ Facebook គឺជាសិទ្ធផ្តាច់មុខរបស់សម្តេច (only one Hun Sen)។
ជាមួយគ្នានេះ សម្តេចតេជោសូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះសម្តេចបង្កើតFacebook, TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ៕