ទីប្រឹក្សាសមាគមសណ្ឋាគារកម្ពុជា មើលឃើញថាប្រសិនបើប្រទេសចិននៅតែរក្សាបានទំនាក់ទំនងការទូតល្អជាមួយប្រទេសកម្ពុជា សម្រាប់វិស័យទេសចរណ៍នឹងបន្តមានការកើនឡើង ដោយសារប្រទេសចិនមានប្រជាពលរដ្ឋច្រើនជាងគេនៅក្នុងពិភពលោក ។ដូចនេះផ្អែកលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា ចិន ការវិនិយោគរបស់ជនជាតិនៅកម្ពុជា និងការរៀបចំកញ្ចប់សេវាកម្មឱ្យមានលក្ខណៈសំបូរបែបនិងគ្រប់កម្រិតនេះ បាននិងកំពុងធ្វើឱ្យអ្នករកស៊ីឬម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារមានក្តីរំពឹងថានិងទទួលបានភ្ញៀវទេសចរជនជាតិចិនចូលមកកម្សាន្តនៅកម្ពុជានិងទទួលយកសេវាកម្មស្នាក់នៅច្រើននាពេលខាងមុខ។
អ្នកស្រី ខៃ ចិន្តា ទីប្រឹក្សាសមាគមសណ្ឋាគារកម្ពុជា មានប្រសាសន៍ថាហេតុផលដែលធ្វើឱ្យប្រជាពលរដ្ឋឬភ្ញៀវទេសចរចិនចូលមកលេងនៅកម្ពុជាយើងនាពេលខាងមុខ ដោយសារប្រទេសចិនក៏បានបោះទុនវិនិយោគយ៉ាងច្រើនក្នុងការសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប ហើយចិនក៏ជាអ្នករៀបចំគ្រប់គ្រងប្រតិបត្តិនៃដំណើរការព្រលានយន្តហោះថ្មីនេះ។ដូចនេះគាត់និងរៀបចំឱ្យត្រូវនិងតម្រូវការ ដើម្បីឆ្លើយតបទៅនិងចំនួនភ្ញៀវដែលចេញ ចូលមកទស្សនានៅប្រទេសកម្ពុជា។
អ្នកស្រីសង្កត់ធ្ងន់ថា«ខ្ញុំគិតថាទេសចរជនជាតិចិនមកលេងនៅកម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវការរីកចម្រើននៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា ហើយនិងផ្តល់ភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារនានានៅក្នុងប្រទេសកម្ពុជា ហើយអ្នកប្រកបអាជីវកម្មទេសចរគ្រប់វិស័យក៏បានទទួលផលប្រយោជន៍ បើយើងរៀបចំនិងកែទម្រង់កិច្ចប្រតិបត្តិការ សេវាទទួលភ្ញៀវឱ្យខុសពីលើកមុនៗបន្តិច»។
បើតាមទីប្រឹក្សាសមាគមសណ្ឋាគារ កាលពីមុនភ្ញៀវទេសចរចិនមកស្នាក់នៅតែក្នុងសណ្ឋាគារឬភោជនីយដ្ឋានដែលរៀបចំដោយជនជាតិចិន តែសម្រាប់ម្ចាស់អាជីវកម្មនៅក្នុងស្រុកមិនសូវទទួលបានភ្ញៀវទេសចរចិនទេ។
នៅពេលខាងមុខនេះ គួរតែរៀបចំកញ្ចប់ទស្សនៈកិច្ចជូនភ្ញៀវចិនដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ឱ្យមានលក្ខណៈសំបូរបែបពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅដល់សហគមន៍ដែលបានប្រកបមុខរបស់ខ្លួននៅតាមតំបន់។
អ្នកស្រីលើកឡើងថា «កន្លងមកក្រុមហ៊ុនចិន គាត់បានរៀបចំទទួលភ្ញៀវជនជាតិរបស់គាត់មកលេងនៅស្រុកខ្មែរ គាត់បានជួលអ្នកមគ្គទេសក៍ ទេសចរណ៍ក្នុងស្រុកខ្លះដែរ។យើងគិតថាបើពង្រីកការផ្តល់សេវាឱ្យបានទូលំទូលាយ ចំពោះមុខម្ហូបឱ្យមានទំាងមុខប្ហូបចិន មុខម្ហូបខ្មែរ ម្ហូបអឺរ៉ុប និងមុខម្ហូបអាស៊ី ដោយយើងណែនាំដល់ជនជាតិចិន ដែលមកកម្សាន្តនៅស្រុកខ្មែរ ឱ្យគាត់ភ្លក្សម្ហូបប្រចំាតាមតំបន់ ព្រោះមុខម្ហូបចិនគាត់តែងតែទទាននៅក្នុងប្រទេសចិនរួចហើយ។ដូចនេះគាត់មកកម្សាន្តនៅកម្ពុជា យើងគួរតែណែនាំអ្វីដែលគាត់ពុំទាន់បានស្គាល់ មិនទាន់បានឃើញ ឱ្យគាត់បានពិសារ បានឃើញនិងបានស្គាល់ច្បាស់ ដើម្បីបានជាបទពិសោធន៍ថ្មី»។
អ្នកស្រី ខៃ ចិន្តា មានប្រសាសន៍ថា ក្នុងនាមជាអាជីវកររកទទួលទាននៅក្នុងវិស័យសណ្ឋាគារនិងផ្ទះសំណាក់ផ្សេងទៀតនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ គឺយើងតែងតែរំពឹងទុកថានឹងទទួលបានភ្ញៀវជនជាតិចិន មកប្រើសេវាកម្មស្នាក់នៅក្នុងសណ្ឋាគាររបស់ពួកយើងច្រើនជាងមុនៗ៕ អត្ថបទ៖សារេត