ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សូមអបអរសាទរដោយស្មោះ ជូនចំពោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ជា លីសែ បានបង្ហាញសារអបអរសាទរលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពអបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី នាឱកាសត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ យើងជឿជាក់លើកម្ពុជា! ខ្មែរធ្វើបាន”។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមថា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» ហើយ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុត សម្រាប់មុខតំណែងដ៏ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ។ គោរមងារនេះ ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។
យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕