ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ចេញមុខបដិសេធ ការចោទប្រកាន់របស់ស្ត្រីម្នាក់ ថាបានប្រើហិង្សាយ៉ាងព្រៃផ្សៃមកលើខ្លួន​

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់​ពីសំណាក់ស្ត្រីម្នាក់ ថាបានប្រើអំពើហិង្សាមកលើខ្លួន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ខណៈហេតុការណ៍នេះ បានកើតឡើងនៅក្នុងខេត្តព្រះសីហនុ ក្នុងសណ្ឋាគារមួយកន្លែងមានឈ្មោះថា «ឡាវ៉ូត»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា នេះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានថ្លែងបញ្ជាក់ថា «ខ្ញុំបាទសូមធ្វើការបដិសេធទាំងស្រុង ទៅលើវីដេអូមានការកាត់ត ជារូបភាពបញ្ចូលគ្នា ហើយចោទប្រកាន់ថា ខ្ញុំបានប្រើអំពើហិង្សាទៅលើនារីម្នាក់, សូមបងប្អូនធ្វើការពិនិត្យទៅលើវីដេអូនោះ គឺជាប្រភេទវីដេអូកាត់តបញ្ចូលគ្នា,-ខ្ញុំសូមបដិសេធទៅលើការចោទប្រកាន់ថា ខ្ញុំបានប្រើអំពើហិង្សា»។

លោកបន្តថា «ខ្ញុំធ្វើដំណើរកំសាន្តទៅខេត្តព្រះសីហនុ ជាលក្ខណៈគ្រួសារ ដោយក្នុងនោះ ខ្ញុំមានកូនតូច ម្ដាយក្មេក ម្ដាយមីង និងភរិយារបស់ខ្ញុំ ហើយមានជនមួយក្រុម មកបង្កបញ្ហាដោយបានថតរូបរបស់ខ្ញុំ ហើយខ្ញុំស្នើសុំ កុំឲ្យមានការថតរូបខ្ញុំ ក៏ទាញទូរសព្ទរបស់គាត់ចេញពីដៃរបស់គាត់ ទៅដាក់នៅលើតុ ហើយខ្ញុំក៏ដើរចុះទៅខាងក្រោម ដោយគាត់ឈររារាំងផ្លូវខ្ញុំ ខ្ញុំទាយគាត់ចេញហើយខ្ញុំដើរចុះទៅបន្ទប់របស់ខ្ញុំ បែរជាគាត់ចោទប្រកាន់ថា ខ្ញុំបានប្រើអំពើហឹង្សាលើគាត់។ ខ្ញុំសូមជម្រាបជូន ដល់បងប្អូនសារព័ត៌មាន ក៏ដូចជា​បងប្អូន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហើយបានជាថា ខ្ញុំបាទសូមបដិសេធទាំងស្រុង នៅការចោទប្រកាន់នេះ ហើយមេធាវីរបស់ខ្ញុំគាត់បានកំពុងរៀបចំឯកសារផ្លូវច្បាប់ ដើម្បី​​ដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់»។

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានថ្លែងបន្ថែមថា រូមលោកនិងស្រ្តីម្នាក់នោះ ពីមុនមកមិនដែលស្គាល់គ្នានោះទេ ហើយលោកគិតថា នេះជាការរៀបចំគម្រោងមួយ ដើម្បីធ្វើបាបរូបលោក និងធ្វើឲ្យប៉ះបាល់ដល់កិត្តិយសរបស់លោក។ លោកថា ការងារដែលលោកខំសាង និងការងារមនុស្សធម៌ជាច្រើនទៀត គឺលោកចូលចិត្តធ្វើ ហើយពាក់ព័ន្ធជាមួយជម្លោះជាមួយនរណាម្នាក់ គឺលោកមិនចូលចិត្តនោះឡើយ ព្រោះលោកជាមនុស្សមិនចេះឈ្លោះ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា លោកកំពុងតែពិភាក្សាជាមួយមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងតបវិញ ព្រោះបានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកធ្ងន់ធ្ងរ។​ លោកក៏ចង់បញ្ជាក់ពីភាពស្អាតស្អំរបស់លោកក្នុងរឿងនេះ ហើយទទូចដល់ភាគីម្ខាងទៀត ចូលខ្លួនមកតតាំងគ្នាផ្ទាល់ជាមួយរូបលោក ដើម្បីរកខុសត្រូវឲ្យឃើញ ជៀសវាងមានបណ្ដឹងប្ដឹងប្ដល់គ្នាវែងឆ្ងាយបន្ថែមទៀត។

សូមបញ្ជាក់ថា ហេតុការណ៍នៃអំពើហិង្សានេះ គឺ បានកើតឡើងកាលពីវេលាម៉ោង២១៖៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយកន្លែងឈ្មោះ «ឡា វ៉ូត» ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ។ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត។ ពេលនោះ បានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី និង អ្នកមកជាមួយបងប្អូនរបស់គាត់ មកហូបអាហារនៅហាងនេះដែរ។ ខណៈនោះ​បងស្រីជនរងគ្រោះ បានបង្ហួសទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាណង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាណង បានស្រែកជេរបងស្រីជនរងគ្រោះ។

ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក សាំងសុង យកទៅបោកកម្ទេច និងវៃជនរងគ្រោះតែម្តង។ ជុំវិញបញ្ហានេះ ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី បានថ្លែង​ថា រហូតមកទល់ពេលនេះ អ្នកនាងពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារភាគីជនបង្ក បានមកសម្របសម្រួល តែអ្នកនាងពុំព្រម ព្រោះចង់ឲ្យច្បាប់ចាត់ការរឿងនេះ​៕