ប្រធានាធិបតីកូរ៉េខាងត្បូង នឹងយកវេទិកាកិច្ចប្រជុំកំពូលអាស៊ាន និងG20 ដាក់សម្ពាធកូរ៉េខាងជើង

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា លោកនឹងស្នើឲ្យសមាគម​អន្តរជាតិ ជួយដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង អំឡុងពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងG20 នាសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន AP មេដឹកនាំកូរ៉េខាងត្បូងបានលើកឡើងថា លោក​នឹង​យកប្រធានបទទាក់ទងជាមួយការគម្រាមកំហែងរបស់កូរ៉េខាងជើង មកជជែកគ្នានៅកិច្ចប្រជុំ​ទ្វេភាគីជាមួយមេដឹកនាំអាស៊ាន និងបន្តយកវាទៅពិភាក្សានៅកិច្ចប្រជុំក្នុងប្រទេសឥណ្ឌាថែមទៀត។

“សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងG20 នាពេលខាងមុខ ខ្ញុំនឹងទទូចឲ្យសមាគមអន្តរជាតិ ចាត់វិធានការបន្ទាន់ ជុំវិញការគម្រាមកំហែងបាញ់គ្រាប់​មីស៊ីល និងនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង និងធ្វើការជាមួយគ្នាយ៉ាងជិតដិត ដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ”។ នេះបើតាមសម្ដីរបស់លោក Yoon បានប្រាប់ទៅកាន់សារព័ត៌មានអន្តរជាតិ។

ប្រធានាធិបតីកូរ៉េខាងត្បូងបន្ថែមទៀតថា៖ សមាគមអន្តរជាតិត្រូវតែបង្ហាញឲ្យច្បាស់ពីការ​តាំងចិត្ត ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកំពុងបង្កការគម្រាមកំហែង​សម្រាប់ពិភពលោក។

គួររំលឹកដែរថា មួយរយៈចុងក្រោយនេះ កូរ៉ខាងជើងបានព្រមានបាញ់គ្រាប់មីស៊ីល បន្ទាប់ពី​កូរ៉ខាងត្បូងបានចូលដៃចូលជើងជាមួយអាមេរិក ធ្វើសមយុទ្ធយោធាធំមួយ ខណៈកូរ៉េខាងជើង​យល់ថា វាជាការគម្រាមកំហែងដល់បូរណភាពទឹកដីរបស់ខ្លួន៕