អ្នកឧកញ៉ា គិត ម៉េង ដឹកនាំឧកញ៉ាជាច្រើនរូប អមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅ​ព្រឹក​ថ្ងៃទី០៤ ខែកញ្ញា នេះ​ បានដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្មកម្ពុជា​ ដែល​រួមមាន​អ្នកឧកញ៉ា ឧកញ៉ា ជា​ច្រើន​រូប​ អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ច​ប្រជុំកំពូលពាក់ព័ន្ធ ​នៅសាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ទៅ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ គេ​ឃើញ​​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​​ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា​​ជា​ច្រើន​រូប ​រួម​មាន៖ អនុប្រធាន​សភាពាណិជ្ជកម្ម អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា ទុយ គី, ឧកញ៉ា សុខ ស្រស់, ឧកញ៉ា លឹម សុជាតិ, បណ្ឌិត តាន់ មុនីវណ្ណ, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង​លោកស្រីឧកញ៉ា ងួន ពេជ្រសុផល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងកំឡុងពេលនៃទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២៣ កិច្ចពិភាក្សា​តុមូល​ចក្រភពអង់គ្លេស-អាស៊ាន កិច្ចពិភាក្សាតុមូលកាណាដា-អាស៊ាន កិច្ចពិភាក្សាតុមូលស្តីពីកិច្ចព្រៀមព្រៀង​ភាពជា​ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចប្រជុំផ្សេងទៀតពាក់ព័ន្ធនឹង​ការជំរុញធុរកិច្ចនិងវិនិយោគក្នុង​តំបន់​អាស៊ាន។

ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាម​ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គា្នសម្រាប់ភាពជាដៃគូ ​ក្នុងការអភិវឌ្ឍកសិកម្មនិងសហគ្រាសមីក្រូ ធុនតូចនិងមធ្យមកម្ពុជា-ហ្វីលីពីន ជាមួយលោក JOSE MA. A CONCEPCION III ប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់​ធុរកិច្ច អាស៊ានសម្រាប់ហ្វីលីពីន។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម FERDINAND “BONGBONG” ROMUALDEZ MARCOS JR. ប្រធានាធិបតីហ្វីលីពីន៕