អតីតឧបនាយករដ្ឋមន្ត្រីថៃ៖ ថាក់ស៊ីន អាចទទួលបានការបន្ធូរបន្ថយទោសថែមទៀត

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អាចនឹងដាក់ញត្តិសុំការបន្ធូរបន្ថយទោស​បន្ថែមទៀត បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យបន្ថយទោសជាប់ពន្ធនាគារពី ៨ឆ្នាំ មកនៅត្រឹមមួយឆ្នាំ។ នេះបើតាមការអះអាងពីអតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា លោក Wissanu បញ្ជាក់ច្បាស់ៗថា លោក ថាក់ស៊ីន គឺមានសិទ្ធដូចអ្នកទោសដទៃ ដោយអាចស្នើសុំ​ការលើកលែងទោសបន្ថែម ប៉ុន្តែសំណើនោះអាចទទួលបានការអនុញ្ញាតិ ឬអត់ វាអាស្រ័យលើការសម្រេចចិត្តរបស់ព្រះមហាក្សត្រប៉ុណ្ណោះ។

“ទោសរបស់ថាក់ស៊ីន អាចនឹងបន្ធូរបន្ថយថែមទៀត ប៉ុន្តែខ្ញុំមិនច្បាស់ថាអាចជោគជ័យ ឬអត់នោះទេ។ មានការរំពឹងទុកថា ទោសរបស់គាត់ (ថាក់ស៊ីន) អាចនឹងសម្រាលថែមទៀត នៅថ្ងៃបុណ្យឪពុក នាថ្ងៃទី០៥ ខែធ្នូ”។ នេះបើតាមការអះអាងពីអតីតឧបនាយករដ្ឋមន្ត្រីថៃ។

សូមជម្រាបដែរថា បន្ទាប់ពីជាន់ដីថៃបានតែប៉ុន្មានម៉ោង លោក ថាកស៊ីន ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការកំពូល ដែលសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ទាក់ទងនឹងករណីពុករលួយ ៣ករណី ប៉ុន្តែក្រោយឃុំខ្លួនបានតែ ១៣ម៉ោង លោកមានអាការៈមិនស្រួលខ្លួន និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយកំពុងសម្រាកព្យាបាល មកទល់នឹងពេលនេះ៕