អ្នកជំនួញកូនកាត់ឥណ្ឌាម្នាក់ក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិក ទាំងគ្មានបទពិសោធន៍លើឆាកនយោបាយ

អន្តរជាតិ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី នឹងធ្វើឡើងនាឆ្នាំ ២០២៤ ខាងមុខ ខណៈគណបក្សសាធារណរដ្ឋ បានតែងតាំងអ្នកជំនួញកូនកាត់ឥណ្ឌា-អាមេរិកាំង លោក Vivek Ramaswamy ជាបេក្ខភាពតំណាង កាលពីខែកុម្ភៈកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិក៏ពិតមែន ប៉ុន្តែអ្នកជំនួញវ័យ ៣៨ឆ្នាំ មិនដែលមានបទពិសោធន៍ទាល់តែសោះ សម្រាប់ការប្រឡូកលើឆាកនយោបាយ ពោលជំនាញ​តែខាងរកស៊ីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Businessinsider។

សេដ្ឋីប្រាក់វ៉ាល់លានដុល្លារម្នាក់នេះ ក៏ធ្លាប់មានប្រវត្តិតស៊ូមិនធម្មតា ដោយលោកគឺជាកូនប្រុស​របស់ជនភៀសខ្លួនឥណ្ឌា ប៉ុន្តែឆ្លាត និងជោគជ័យខ្លាំងលើការសិក្សា ដោយបានចូលរៀន​នៅសាកលវិទ្យាល័យកំពូល Harvard ថែមទៀត។

លោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យ St. Havier High School ដោយមានពិន្ទុខ្ពស់ដាច់គេ និងធ្លាប់ជាកីឡាករវាយកូនបាល់ លំដាប់ថ្នាក់ជាតិផ្នែកយុវជនផងដែរ។

ចូលរៀននៅសកលវិទ្យាល័យ Havard លោកបានចាប់យកជំនាញជីវវិទ្យា និងឆ្លៀតបង្កើតអាជីវកម្មមួយកាលពីឆ្នាំ ២០០៧ ដែលមានឈ្មោះថា StudentBusinesses.com ដែល​ផ្ដល់ភាពងាយស្រួលដល់​សហគ្រិនក្មេងៗ ក្នុងការស្វែងរកព័ត៌មាន និងក្រោយមកត្រូវបានទិញយកដោយក្រុមហ៊ុន Ewing Marion Kauffman Foundation ក្នុងឆ្នាំ២០០៩។

ពីឆ្នាំ២០០៧ ដល់២០១៤ លោកបានធ្វើការនៅស្ថាប័ន QVT Financial ហើយដោយសារភាពវ័យ​ឆ្លាត​លើការធ្វើពាណិជ្ជកម្ម គួបផ្សំនឹងចំណេះដឹងលើផ្នែកឱសថផង Ramaswamy បានក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនមួយនេះ ត្រឹមវ័យ២៨ឆ្នាំប៉ុណ្ណោះ។

ក្រោយពីសម្រេចចិត្តឈប់ធ្វើការនៅ QVT Financial នៅឆ្នាំ២០១៤ បុរសកូនកាត់ម្នាក់នេះ ចាប់ផ្ដើមបើកជំនួញផ្ទាល់ខ្លួន លើផ្នែកលក់ឱសថ ដោយដាក់ឈ្មោះក្រុមហ៊ុនថា Roivant និងទទួលបានការវិនិយោគពីអតីតមិត្តរួមការងារ ប្រមាណ ៩៣លានដុល្លារ។

គោលបំណងនៃការបង្កើត Roivant គឺដើម្បីផលិតឱសថ ដែលក្រុមហ៊ុនផ្សេងៗបោះបង់ចោល ហើយចាប់ផ្ដើមដំបូង មានតែបុគ្គលិក ១០នាក់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីទទួលបានការវិនិយោគ​ពី SoftBank Vision Fund ក្រុមហ៊ុនមួយនេះបានផ្ទុះខ្លាំងនៅក្នុងឆ្នាំ២០១៧។

ក្រោយមក Ramaswamy ត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាសហគ្រិនមានបំផុតមួយរូប ប្រចាំសហរដ្ឋអាមេរិក ដែលមានវ័យក្រោម៤០ឆ្នាំ ខណៈបច្ចុប្បន្នបុរសម្នាក់នេះមានទ្រព្យសម្បត្តិ​ប្រហែល ៩៥០លានដុល្លារ។

នៅឆ្នាំ២០២១ លោក Ramaswamy បានលាលែងពីតំណែងជា CEO នៃក្រុមហ៊ុន Roivant ក្រោម​ហេតុផលថា លោកចង់ផ្ដោតអារម្មណ៍លើការសរសេរសៀវភៅ និងប្រឡូកលើឆាកនយោបាយ​វិញម្ដង។

ថ្វីបើអតីតអ្នកជំនួញកូនកាត់ម្នាក់នេះ មិនមានបទពិសោធន៍លើឆាកនយោបាយក្ដី ប៉ុន្តែលោកគឺ​ជាបេក្ខភាពប្រធានាធិបតីអាមេរិក លេចធ្លោរបំផុតទី០៦ ក្នុងចំណោមបេក្ខភាព ១០រូប ខណៈគោលនយោបាយរបស់លោកផ្ដោតសំខាន់លើការអភិរក្សនិយម៕