នៅទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី តាំងពីម្សិលមិញមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាសុីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២សីហាមក ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់និងពិភពលោក។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា តាមរយៈការសំណេះសំណាលកាលពីម្សិលមិញនិងព្រឹកមិញ ជាមួយអគ្គលេខាធិការអាស៊ាន, ជាមួយប្រធានាធិបតីឥណ្ឌូណេសុី, ជាមួយសមភាគីឡាវនិងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានកាលពីម្សិលមិញ, សម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ទៅកាន់បរទេសក្នុងន័យបញ្ជាក់ឡើងវិញនិងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។
បើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់ នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង(សង្គ្រាមនៅអ៊ុយក្រែន) និង នៅក្នុងបរិបទតំបន់មួយប្រកបដោយគ្រោះថ្នាក់(ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាសុី-ប៉ាសុីហ្វិក) សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតី នៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេស ទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។
ដោយឡែក, ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាពនិងការអភិវឌ្ឍ ចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាព។ គ្មានដូចគ្នា សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ។ ម្ល៉ោះហើយ តាំងពីម្សិលមិញមក នៅ ហ្សាការតាប្រទេសឥណ្ឌូណេសុី, ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់បាន, ទីមួយ, ពិភពលោកមួយពហុភាគីនិយម ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងលើគោលការណ៍ មិនជ្រៀតជ្រែក។ ទីពីរ សម្តេច ហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥)ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហារណកម្មតំបន់ និងតាមរយៈការពង្រីកសមាហារណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕