នាវេទិកាកិច្ចប្រជុំកំពូលអាសានលើកទី៤៣ អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានធ្វើជាសាក្សីក្នុងពិធីប្រគល់រង្វាន់អាស៊ាន ជូនលោក Haji Muhammad Iqbal Fakhri bin Haji Damit និងលោកស្រី Nguyen Thi Tuyet Minh ដែលជាម្ចាស់ជ័យលាភីឆ្នាំ២០២២ និងរង្វាន់អាស៊ានឆ្នាំ២០២៣។
យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់ ASEAN បានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រគល់ពានរង្វាន់អាស៊ានដោយផ្ទាល់ ជូនបុគ្គលទាំង ២រូប នៅចំពោះមុខមេដឹកនាំអាស៊ាន និងសហគមន៍ការទូត ខណៈលោកបណ្ឌិត គីមហួន បានអះអាងថា សមិទ្ធផលដែលបុគ្គលទាំង ២រូបសម្រេចបាន គឺជះឥទ្ធិពល និងធ្វើឲ្យអាស៊ានកាន់តែលេចធ្លោរកាន់តែខ្លាំង។
សូមជម្រាបដែរថា ពានរង្វាន់អាស៊ានតែងតែចែកជូនជារៀងរាល់ឆ្នាំ ទៅកាន់បុគ្គល ឬអង្គការនានា ដែលបានជួយបង្កើនសមិទ្ធផលកសាងសហគមន៍អាស៊ាន និងធ្វើឲ្យពិភពលោកស្គាល់អាស៊ានកាន់តែច្បាស់៕