​ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យឲ្យ«លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» មានឯកសណ្ឋានប្រើប្រាស់ផ្លូវការ

ជុំវិញ​ឧកញ៉ា

អ្នកដែលទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» មានឯកសណ្ឋាន សញ្ញាស័ក្តិ សញ្ញាសម្គាល់ និងបន្តោងខ្សែក សម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយអង្គព្រះមហាក្សត្រ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានកំណត់ទម្រង់ឯកសណ្ឋានផ្លូវការ សញ្ញាសម្គាល់ និងបន្តែងខ្សែក សម្រាប់សម្គាល់ចំពោះអ្នកដែលមានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន៖ «អាវ, បន្តោងខ្សែក, ខោ, ខ្សែក្រវាត់, ស្បើកជើង។ ចំណែកចំពោះស្រ្តី មាន៖ អាវ, បន្តោងខ្សែក, សំពត់បត់ផាមួង, ស្បែកជើង»។

នៅក្នុងព្រះរាជក្រឹត្យដដែល បានកំណត់សញ្ញាស័ក្តិសម្រាប់ពាក់លើឯកសណ្ឋានផ្លូវការរបស់គោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា រួមមាន៖ «សញ្ញាស័ក្តិស្មា សញ្ញាស័ក្តិចុងកអាវ និងសញ្ញាស័ក្តិចុងដៃអាវ»។

សញ្ញាសម្គាល់សម្រាប់ពាក់លើឯកសណ្ឋានផ្លូវការរបស់គោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន៣ ប្រភេទ៖ «ទី១សញ្ញាសម្គាល់មាសលើលោកអ្នកឧកញ៉ា ទី២សញ្ញាសម្គាល់ប្រាក់លើអ្នកឧកញ៉ា និងទី៣ សញ្ញាសម្គាល់សំរឹទ្ធលើឧកញ៉ា»។

ដោយឡែកសម្រាប់បន្តោងខ្សែកពាក់លើឯកសណ្ឋានផ្លូវការរបស់គោរមងារលោកអ្នកឧកញ៉ា គឺប្រើបន្តោងខ្សែកមាស មានរូបសញ្ញាអក្សរកាត់ (ល.អ.ឧ) ចំណែកបន្តោងខ្សែកពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា គឺប្រើបន្តោងខ្សែកមាស ក្នុងនោះគោរមងារអ្នកឧកញ៉ា មានរូបសញ្ញាអក្សរកាត់ (អ.ឧ) និងសញ្ញាអក្សរកាត់ (ឧ) គឺប្រើសម្រាប់គោរមងារឧកញ៉ា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចចេញអនុក្រឹត្យស្តីពីឯកសណ្ឋានគោរមងារផ្លូវការបស់អ្នកឧកញ៉ា និងឧកញ៉ានៅប្រទេសកម្ពុជាម្តងរួចមកហើយដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

នៅក្នុងអនុក្រឹត្យនោះ ជំពូជទី៥ បានកំណត់ទោសប្បញ្ញត្តិ មាត្រា១២ ចែងថា៖ «ជនណាដេលបានប្រើប្រាស់ ឬក្លែងបន្លំឯកសណ្ឋានគោរមងារផ្លូវការ សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ាត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន»៕