អាស៊ាន ចាប់ផ្តើមបើកកិច្ចចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលតម្លៃរាប់ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) បានចាប់ផ្តើមធ្វើការចរចាទៅលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលហៅកាត់ថា (DEFA) ដើម្បីជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ចំពោះការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនេះ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បាននិយាយថា វាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាជំហានដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ដើម្បីទាញយកក្តានុពលដ៏អស្ចារ្យនៃសេដ្ឋកិច្ចឌីជីថល។

លោក Airlangga បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានព្យាករថា អាចនឹងបង្កើនទំហំសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ទ្វេដង ពី ១ទ្រីលានដុល្លារ ដល់ ២ទ្រីលានដុល្លារ នៅក្នុងឆ្នាំ ២០៣០ ខាងមុខ ។

រដ្ឋមន្ត្រីរូបនេះ បានកត់សម្គាល់ទៀតថា កិច្ចព្រមព្រៀង DEFA នេះ នឹងជាវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់ ហើយវានឹងជួយប្រទេសក្នុងតំបន់អាស៊ាន ក្នុងការបង្កើតភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគ និងជំរុញផលិតភាពរបស់ខ្លួន៕