លោក ពូទីន៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអាចនឹងបន្តសាជាថ្មី ប្រសិនបើលោកខាងលិចគោរពតាមការសន្យា

អន្តរជាតិ

នៅក្នុងចំនួបរវាងប្រធានាធិបតីរបស់ប្រទេសតួកគី និងប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញនេះ ​លោក Vladimir Putin បានបង្ហើបអំពីលក្ខខណ្ឌ ក្នុងការបន្តកិច្ចសន្យាគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែនសាជាថ្មី ប្រសិនបើបណ្តាភាគីពាក់ព័ន្ធទាំងអស់ អាចបំពេញឡើងវិញនូវចន្លោះប្រហោង នៅក្នុងកិច្ចសន្យាដែលត្រូវបានកំណត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះលោក Putin បានរម្លឹកឡើងវិញនូវជំហររបស់ខ្លួនថា រុស្ស៊ីអាចសម្រេចចិត្តត្រឡប់ទៅចរចាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅសាជាថ្មី ប្រសិនបើលោកខាងលិច បញ្ឈប់ការដាក់ទណ្ឌកម្មរាល់ការរឹតបន្តឹងនៃការនាំចេញកសិផលរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។

ប្រធានាធិបតីរូបនេះក៏បានស្តីបន្ទោសផងថា លោកខាងលិចបានបោកប្រាស់រុស្ស៊ី ដែលមិនបានគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យាលើដំណើរការនៃការនាំចេញផលិតផលជីកសិកម្ម និងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ទៅកាន់ទីផ្សារ ដោយបានជំនួសមកវិញនូវការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ តបស្នងជុំវិញរឿងសង្គ្រាមដែលខ្លួនបានចូលឈ្លានពានអ៊ុយក្រែនកាលពីពេលកន្លងទៅ។

គួររម្លឹកដែរថា រុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីថ្ងៃទី ១៧ខែកក្កដាឆ្នាំ ២០២៣កន្លងទៅ បន្ទាប់ពីពួកគេអះអាងថា ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន បានជួបឧបសគ្គ ខុសពីការនាំចេញរបស់អ៊ុយក្រែន៕