ការចិញ្ចឹមត្រី-បង្កងក្នុងស្រែ ជួយបង្កើនប្រាក់ចំណូលដល់កសិករ និងកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំពុលកសិកម្មតាមវាលស្រែ

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជំនាញខាងវារីវប្បកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចិញ្ចឹមត្រីក៏ដូចជាការចិញ្ចឹមបង្កងនៅក្នុងស្រែ ជួយបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដែលមានទីតំាងកសិកដ្ឋានឬស្រែមានប្រភពទឹកច្បាស់លាស់ និងថែមទំាងជួយកាត់បន្ថយបាននូវការប្រើប្រាស់ជី និងថ្នាំពុលកសិកម្មនៅតាមវាលស្រែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរទស្សនៈកិច្ចសិក្សាពិសោធន៍ទៅលើប្រព័ន្ធចិញ្ចឹមត្រីក្នុងស្រែរបស់ក្រុមការងារអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលត្រីពិភពលោក, វិទ្យាស្ថានស្រាវជ្រាវកសិកម្មនិងអភិវឌ្ឍន៍បារំាង ធ្វើឡើងនៅទីតំាងកសិដ្ឋានរបស់កសិក សាប់ សារុន កាលពីថ្ងៃទី៥ ខែកញ្ញានេះ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា យើងបានមើលការចិញ្ចឹមត្រី បង្កងក្នុងស្រែ និងក្នុងស្រះរួមជាមួយនិងការដំាដូងនៅជុំវិញស្រែឬស្រះ ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ ហើយយើងអាចសម្រេចនូវគោលបំណងរបស់រាជរដ្ឋាភិបាល ដែលថានៅត្រឹមឆ្នំា២០៣០ឱ្យប្រទេសយើងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យម ដែលអាចឱ្យគ្រួសារកសិករម្នាក់មានប្រាក់ចំណូលបានដល់៥ពាន់ដុល្លារអាមេរិក ។

លោកបន្តថា «ឃើញបែបនេះ យើងបង្កើនផលិតភាពដីស្រែក្នុងមួយហិកតា ឱ្យបានចំណូលខ្ពស់ជាជាងធ្វើស្រូវតែមួយមុខ។បើយើងធ្វើបាន ជួយកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្មឬជីគីមីផ្សេងៗ ដែលបានប្រើប្រាស់ពីមុននោះជួយឱ្យប្រព័ន្ធអេកូស៊ីស្ទឹមវាលស្រែយើងមានភាពល្អប្រសើរឡើង តាមរយៈការឈប់ប្រើប្រាស់ថ្នំាពុលកសិកម្ម»។

បើតាមមន្ត្រីជំនាញខាងវារីវប្បកម្មរូបនេះ ថា នៅក្នុងដំណើរទស្សនៈកិច្ចសិក្សាពិសោធន៍ទៅលើប្រព័ន្ធចិញ្ចឹមត្រីក្នុងស្រែនេះ រដ្ឋាបាលជលផលបានផ្តល់អនុសាសន៍ឱ្យក្រុមស្រាវជ្រាវមើលព្រៃទំាងមូល ពិសេសធ្វើយ៉ាងម៉េចឱ្យការពិសោធន៍នេះបានលទ្ធផល អាចអនុវត្តជាក់ស្តែងបាន ដោយប្រជាជននៅតាមមូលដ្ឋានជនបទ។

លោកលើកឡើងថា «ពីមុនមកខាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងអភិវឌ្ឍន៍បារំាងនេះ ធ្លាប់ធ្វើការស្រាវជ្រាវនៅខាងខេត្តសៀមរាប និងខេត្តកំពង់ធំ ប៉ុន្តែមានទ្រុងទ្រាយតូច។វិទ្យាស្ថានស្រាវជ្រាវអភិវិឌ្ឍន៍បារំាងនេះ បានធ្វើការពិសោធន៍៣ឆ្នំាមុន លើការចិញ្ចឹមបង្កងក្នុងស្រែជាមួយកសិករ សាប់ សារុន ដោយឃើញថាទទួលបានលទ្ធផលល្អ ទើបគាត់ពង្រីកការចិញ្ចឹមបន្តទៀត តាមរយៈការគំាំទ្រពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មយើង ជាមួយខណ្ឌរដ្ឋបាលជលផល ដែលតែងតែចុះជាប់ជាមួយប្រជាកសិករក្នុងខេត្តតាកែវ»៕

អត្ថបទ៖សារេត