ចិនចង់ពង្រីកកិច្ចសហប្រតិបត្តិការខ្នាតធំ ជាមួយឥណ្ឌូណេស៊ី

អន្តរជាតិ

នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានលើកឡើងថា ចិនចង់ធ្វើការជាមួយឥណ្ឌូណេស៊ី ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ថាមពលបៃតង សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្ត្រ និងបញ្ញាសិប្បនិមិត្តជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Thesundaily បានបង្ហាញថា កាលពីល្ងាចថ្ងៃអង្គារ ពេលទទួលទានអាហារពេលល្ងាចជាមួយក្រុមអ្នកធុរកិច្ច នាយករដ្ឋមន្ត្រីចិនបានប្រាប់ឲ្យពួកគេ ជឿជាក់លើកិច្ចសហប្រតិបត្តិការ និងការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិននាពេលឆាប់ៗ។

បន្ថែមពីនោះ ក្រសួងការបរទេសក៏បានស្រង់សម្ដីលោក Li ដែលបាននិយាយថា៖ ប្រទេសចិននឹងពង្រីកជាលំដាប់នូវភាពបើកចំហជាប្រព័ន្ធ បន្ធូរបន្ថយការចូលប្រើប្រាស់ទីផ្សារបន្ថែមទៀតនៅក្នុងតំបន់ដូចជា ឧស្សាហកម្មសេវាកម្មទំនើប បង្កើនការការពារកម្មសិទ្ធិបញ្ញា និងបង្កើតបរិយាកាសធុរកិច្ចលំដាប់ថ្នាក់ទីមួយ។

ជាមួយគ្នានោះ ភាគីចិនក៏បានបង្ហាញក្ដីរំពឹងថា ឥណ្ឌូណេស៊ីនឹងនៅតែបន្តបើកទ្វារទីផ្សារសេរី និងផ្ដល់បរិយាកាសធុរកិច្ចល្អៗ ក៏ដូចជាអត្ថប្រយោជន៍ច្រើន សម្រាប់សហគ្រិនចិនដែលមានបំណង មកបណ្ដាក់ទុននៅប្រទេសមួយនេះ៕