នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសចូលកាន់តំណែង លោក កែ សួនសុភាព ជាអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាផ្លូវការ ក្រោមអធិបតីភាព លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។
លោក កែ សួនសុភាព ដែលជាកូនប្រុសរបស់លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យតែងតាំង ឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក គីង វណ្ណៈ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោក កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ជាកូនប្រុសរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
សូមជម្រាបថា មុនទទួលបានការតែងតាំងនេះ លោក កែ សួនសុភាព គឺជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិកម្ពុជា ដែលមានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ប៉ុន្តែលោកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរបញ្ចូលក្របខ័ណ្ឌ មកជាឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕