ផ្លូវដែកឡាវ-វៀតណាម តម្លៃ ៥,៥ពាន់លានដុល្លារ នឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៨

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយឡាវ បានបង្ហាញឱ្យដឹងថា គម្រោងផ្លូវដែកឡាវ-វៀតណាម ដែលមានតម្លៃវិនិយោគសរុបប្រមាណ ៥,៥ពាន់លានដុល្លារ ត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Petroleum Trading Lao Public Company (PTL) នឹងសហការគ្នាជាមួយក្រុមហ៊ុន Yooshin Engineering Corporation និង Korea National Railway ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតសម្រាប់គម្រោងផ្លូវដែកនេះ នៅមុនពេលចាប់ផ្តើមបើកការសាងសង់។

កិច្ចព្រមព្រៀងសហប្រតិបត្តិការលើគម្រោងនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន ​Petroleum Trading Lao Public Company (PTL) លោក Chanthone Sitthixay រួមជាមួយប្រធានសាជីវកម្មវិស្វកម្ម Yooshin លោក Chon Kyung-soon និងនាយកប្រតិបត្តិក្រុមហ៊ុន Korea National Railway លោក Jin-Hyun នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីសប្តាហ៍មុន។

គួរឱ្យដឹងថា គម្រោងផ្លូវរថភ្លើងនេះ នឹងត្រូវសាងសង់ក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ហើយនឹងត្រូវចែកចេញជាពីរផ្នែក ដោយផ្នែកទីមួយ មានចម្ងាយ ៣១២ គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងវៀងចន្ទន៍ និងស្រុក Thakhek នៃខេត្ត Khammouane និងផ្នែកទីពីរ មានប្រវែង ១៣៩ គីឡូម៉ែត្រ តភ្ជាប់ពីស្រុក Thakhek ទៅកាន់ព្រំដែនឡាវ-វៀតណាម។

ជម្រាបជូនថា នៅពេលបញ្ចប់ការសាងសង់ ផ្លូវដែកឡាវ-វៀតណាម នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែទំនើប និងមានស្តង់ដារ ស្របពេលវាក៏នឹងកាត់បន្ថយថ្លៃដឹកជញ្ជូន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសឡាវ ផងដែរ៕