ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកចំនួនពីរ គឺក្រុមហ៊ុន STATION និងក្រុមហ៊ុនLEGS TECHNOLOGIES ដើម្បីពង្រីកវិសាលភាពអាជីវកម្មដឹកជញ្ជូនឱ្យកាន់តែធំទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍បន្ថែមទៀតប្រកបដោយភាពច្នៃប្រឌិត។
អ្នកឧកញ៉ា ស៊ួរ វិរៈ អគ្គនាយកក្រុមហ៊ុនវិវៈ ប៊ុនថាំ អិចប្រេស បានឱ្យដឹងថា “យើងមានសេចក្តីរំភើបរីករាយ ដែលបានចាប់ដៃគូជាមួយ STATION និង LEGS ដើម្បីរកដំណោះស្រាយការដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យា ឆ្លាតវៃទំនើបទាន់សម័យ Smart lockers Solutions។
អ្នកឧកញ៉ា បន្តថា ភាពជាដៃគូនេះនឹងជួយឱ្យ VET ពង្រីកលទ្ធភាពរបស់ខ្លួននៅទូទាំងតំបន់ និងជាការសម្រួលការដឹកជញ្ជូនសម្រាប់អតិថិជនក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនវិរៈ ប៊ុនថាំ និងSTATION / LEGS TECHNOLOGIES សម្រាប់ការផ្ដល់ជូនទូផ្ញើ និងទទួលទំនិញឆ្លាតវៃ 𝐒𝐦𝐚𝐫𝐭 𝐋𝐨𝐜𝐤𝐞𝐫𝐬 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 ដែលបើកដំណើរការឲ្យប្រើប្រាស់នៅចុងខែកញ្ញា ឆ្នាំ2023 ខាងមុខនេះ ដើម្បីផ្ដល់ជូនដល់អតិថិជនរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំទាំងអស់ទទួលបាននូវការដឹកជញ្ជូនទំនើបបែបឌីជីថលទាំងសុវត្ថិភាព និងលឿនរហ័សទាន់ចិត្តដែលឈានមុខគេនៅកម្ពុជា។
គួរជម្រាបជូនថា ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ។ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏មានផ្ដល់ជូនសេវាកម្មដឹកអ្នកដំណើរ និងបញ្ញើទំនិញអន្តរជាតិ ទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម ឈានមុខគេតែមួយគត់នៅប្រទេសកម្ពុជាផងដែរ៕