នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន កាលរសៀលថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីចប់កិច្ចប្រជុំពាក់ព័ន្ធនានារវាងអាស៊ាននិងចិន។
ចាប់ផ្តើមពីផ្តើមភាគីចិន លោក លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ប្រធានាធិបតីចិន ស៊ី ជីនពីង និងរូបលោកផ្ទាល់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និង នឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះប្រធានាធិបតី ស៊ី ជីនពីង និង ប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា។
ក្រៅពីសម្តែងការគួរសមរវាងមិត្តដែកថែមចាក់ទឹកមិនលេចទាំងពីរ ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ៕