អ្នកឧកញ៉ា ឡេង ប្រុស ដែលធ្លាប់បានឆ្លងកាត់របតជីវិតលើទឹកដីកូរ៉េជាពលករជាច្រើនឆ្នាំ និងផ្តួចផ្តើមជីវិតពីកូនកសិករម្នាក់មកពីខេត្តព្រៃវែងរលាស់ខ្លួនក្លាយជាអ្នកជំនួញអចលនទ្រព្យក្នុងប្រទេសកម្ពុជាមួយរូប បានបង្ហាញនូវទស្សនទានប្រៀបធៀបពីទម្លាប់ដែលធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯង។
នៅក្នុងបណ្តាញសង្គមតេឡេក្រាមនាព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែកញ្ញានេះ អ្នកឧកញ៉ា ឡេង ប្រុស បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ទំនុកចិត្តលើខ្លួនឯង របស់មនុស្សម្នាក់ៗអាចរំលើងភ្នំ និងបាចទឹកសមុទ្ររីង តែត្រូវមានភាពក្លាហាន ព្យាយាមអត់ធន់ និងឆ្លងកាត់បទពិសោធន៍ទើបទទួលលទ្ធផលល្អ»។
ជាមួយគ្នានេះដើម្បីបញ្ជាក់បន្ថែមនូវសារដែលបានលើកឡើងខាងលើ អ្នកឧកញ៉ាបានរំលេចថា «យើងអាចមើលទៅជាងនិងអ្នកធ្វើការផ្នែកសាងសង់ ពួកគាត់ដើរលើអគារខ្ពស់ៗយ៉ាងស្ទាត់ជំនាញដោយមិនមានការភ័យខ្លាច ប៉ុន្តែបើមនុស្សធម្មតាឃើញខ្ពស់ដើរញ័រដៃញ័រធ្លាក់ស្លាប់បាត់»។ ក្នុងន័យនេះអ្នកឧកញ៉ាថា ជាងនិងកម្មករទាំងនោះ ពួកគាត់ធ្លាប់ដើរតាំងពីជាន់ទាបរហូតជាន់ខ្ពស់ដើរឡើងថ្នឹក ដើរជាប្រចាំទើបពួកគាត់ដើរទៅទីខ្ពស់ៗបាន។
បន្ថែមទៀតនោះ អ្នកឧកញ៉ាក៏បានលើកឡើងជាអំណះអំណាងថា ច្បាស់ណាស់កីឡាករបើមិនហ្វឹកហាត់ទេ ឡើងលើសង្វៀន ដឹងតែគូប្រកួតងាយវ៉ៃមួយដៃ អោយសន្លប់ ដោយមិនឆ្លងកាត់អោយចប់ទឹកទីមួយឡើយ៕