កិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៨ នឹងចាប់ផ្ដើមធ្វើឡើងនាថ្ងៃនេះ ខណៈលោក Aaron Connelly សហការីជាន់ខ្ពស់ផ្នែកនយោបាយអាស៊ីអាគ្នេយ៍ និងគោលនយោបាយការបរទេស នៃវិទ្យាស្ថានគោលនយោបាយ IISS បានអះអាងថា កិច្ចប្រជុំអាស៊ីបូព៌ាលែងដូចមុនហើយ ពោលសមាជិកចូលរួមកំពុងតែប្រមែប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
សហការីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា អាស៊ានកំពុងបង្ហាញនូវសក្ដានុពលដ៏ខ្លាំងក្លា ប៉ុន្តែមហាអំណាចធំៗដែលចូលរួម ក៏កំពុងកៀរគរសមាជិកអាស៊ានឲ្យចូលដៃជើងជាមួយពួកគេ និងបង្កើនអំណាចកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ជាការពិត មហាអំណាចចិន និងអាមេរិក កំពុងព្យាយាមរឹតចំណងមិត្តភាពជាមួយអាស៊ាន ខណៈអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ឆ្លៀតឱកាស សមាជិកអាស៊ានមួយចំនួន កំពុងមានបញ្ហាជាមួយចិនរឿងសមុទ្រចិនខាងត្បូងផង បានបើកកិច្ចប្រជុំក្រៅផ្លូវការជាមួយសមាជិកមួយចំនួនដូចជា ឥណ្ឌូណេស៊ី និងហ្វីលីពីន ស្របពេលចិនក៏ព្យាយាមរឹតចំណងមិត្តភាពជាមួយបណ្ដាសមាជិកអាស៊ានផ្សេងផងដែរ។
សូមជម្រាបដែរថា វេទិកាកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៨ នឹងមានការចូលរួមពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau៕