លោក Srettha Thavisin បានចូលស្បថកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី០៥ ខែកញ្ញាសប្ដាហ៍នេះ ខណៈគេសង្កេតឃើញថា លោកបានជិះឡានប្រណីត មានតម្លៃរាប់លានបាត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Thaipbs បានបង្ហាញថា រថយន្តដែលលោក Srettha ជិះនោះ គឺជារថយន្ត Lexus LM 350h Executive ពាក់ស្លាកលេខ Kor 6506 Bangkok ដែលនាយករដ្ឋមន្ត្រីរូបនេះ ដកលុយពីហោប៉ៅជាង ២០ម៉ឺនដុល្លារទិញតែម្ដង។
រថយន្តដ៏ប្រណីតមួយនេះ ទើបនឹងដាក់លក់លើទីផ្សារស្រុកថៃកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុណ្ណោះ ខណៈតម្លៃរបស់វាគឺប្រមាណ ៧,៥៩លានបាត ឬប្រហែល ២១៣ ៣០០ដុល្លារអាមេរិក។
ជាមួយគ្នានោះ សារព័ត៌ក្នុងស្រុកដដែលបានបន្ថែមថា នាយករដ្ឋមន្ត្រីថៃមានបំណងប្រើប្រាស់ឡានមួយគ្រឿងនេះ សម្រាប់បំពេញការងារផ្សេងៗ បើទោះជារដ្ឋាភិបាលបានរៀបចំរថយន្ត ២គ្រឿងសម្រាប់លោក ដែលមានដូចជា រថយន្ត Mercedes-Benz និងរថយន្តសម្រាប់នាយករដ្ឋមន្ត្រី៕