យោងតាមការរបាយការណ៍បង្ហាញដោយក្រុមហ៊ុន Altrata បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទូទាំងសកលលោក មានការធ្លាក់ចុះប្រហែល ៣,៥% កាលពីឆ្នាំ២០២២ ដោយសារស្ថានភាពសេដ្ឋកិច្ចសកល ប្រឈមនឹងហានិភ័យមួយចំនួន។
ប្រភពដដែលបន្ថែមថា ការថយចុះនៃទំហំទ្រព្យសម្បត្តិមហាសេដ្ឋី បានបង្ហាញយ៉ាងច្បាស់ពីហានិភ័យនៃផលប៉ះពាល់ លើទីផ្សារឯកជន និងសាធារណៈ ដែលបង្កឡើងដោយភាពចលាចលផ្នែកនយោបាយ និងសង្គម។
ជាមួយគ្នានោះ ការថយចុះនៃទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋី ក៏បានធ្វើឲ្យទីផ្សារមានភាពចលាចល អត្រាការប្រាក់កើនឡើង អត្រាអតិផរណាក៏កើនឡើង ខណៈក្រុមវិនិយោគិនក៏កាន់តែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។
សូមជម្រាបដែរថា ក្នុងចំណោមក្រុមមហាសេដ្ឋីដែលខាតបង់ទាំងអស់ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ខាតច្រើនជាងគេ ៥៧ពាន់លានដុល្លារ ស្របពេលមេធំក្រុមហ៊ុន Tesla លោក Elon Musk របូតលុយអស់ ៣៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Clayton County៕