លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល ការិយាល័យប្រតិបត្តិ អគ្គលេខាធិការដ្ឋាន ហេរញ្ញឹក និងហេរញ្ញឹករង របស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អាណត្តិទី៤ នីតិកាលទី២ ឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញនេះ ដោយក្នុងនោះសមាសភាពក្រុមប្រឹក្សាភិបាល គឺមានឧកញ៉ាចំនួន ៤រូប។
តាមរយៈប្រកាសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាភិបាលសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អាណត្តិទី៤ នីតិកាលទី២ គឺមានចំនួន ១៨រូប ក្នុងនោះមានឧកញ៉ាចំនួន ៤រូប រួមមាន៖ លោកស្រីឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល, លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធាន, លោកស្រីឧកញ៉ា ចាង សុខគីម អនុប្រធាន និងលោកឧកញ៉ា អ៊ុច សោភ័ណ សមាជិក។
គួររំឭកថា លោកស្រីឧកញ៉ា កែវ មុំ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី ត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលនៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) បោះឆ្នោតគាំទ្រឱ្យជាប់ជា ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក្នុងអាណត្តិទី៤ នីតិកាលទី២ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥។ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានវិសាលភាពទូទាំងប្រទេសកម្ពុជា ហើយដែលធ្វើសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ដល់មុខរបរ និងមីក្រូសហគ្រាស ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ជួយបង្កើតធនធានមនុស្ស និងការបង្កើតអាជីវកម្ម តាមរយៈមុខរបរ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាភិបាល សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានអាណត្តិ ៥ឆ្នាំ៕