ឧកញ៉ា ភួ ពុយ ចុះទប់ស្កាត់ការធ្លាក់ថ្លៃស្រូវ និងជួយកំណត់តម្លៃស្រូវឱ្យបានសមរម្យជូនប្រជាពលរដ្ឋ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមហ៊ុនកែច្នៃអង្ករបៃតងកម្ពុជា ​​កាលពី​ថ្ងៃទី៦ ខែកញ្ញា បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់មួយ​ ជាមួយ​​លោក​ លោកស្រី​ ជាសមាជិក​ និងម្ចាស់រោង​ចក្រ​​កែច្នៃស្រូវអង្ករធំៗ​ ក្នុងខេត្តពោធិ៍សាត់​ បាត់​ដំបង​ និង​បន្ទាយមានជ័យ លើបញ្ហា​ធ្លាក់​ថ្លៃ​ស្រូវ​ស្រាល​នៅ​ដើមរដូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​​លើក​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ យ៉ាង​ដូច្នេះ​ថា៖ “ម្សិលមិញនេះ យើងបានជួប​ពិភាក្សា​គ្នា​នៅស្រុកបវេល និងស្រុកសង្កែ។ ក្រោយពេលជួបប្រជុំគ្នា យើងបាន​ដាក់​ចេញ​ផែនការ​​ចូលរួម​ជួយ​ពួកគាត់ ទី១ សុំឱ្យពួកគាត់​ប្រមូលផ្តុំ​នៃ​ការ​លក់ ទទួលព័ត៌មានពី​អាជ្ញាធរ​ភូមិឃុំ ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ទិញស្រូវ​ដោយ​ផ្ទាល់​ពី​រោងចក្រ។ យើង​បាន​កំណត់តម្លៃ​ទិញ​​តាម​ស្រែ​គោលដៅ ប្រភេទស្រូវស្រង៉ែ ក្នុង​តម្លៃ​ ១,១៥០,០០០​រៀល​ក្នុង​មួយ​តោន រីឯ​សម្រាប់ប្រភេទស្រូវក្រអូប ក្នុង​តម្លៃ ១០.៦បាតក្នុងមួយគីឡូក្រាម”។

ឧកញ៉ា ភួ ពុយ បន្ត​ថា ដូច្នេះ​បងប្អូន​យើង នៅ​តាម​តំបន់​មួយ​ចំនួន​ បាន​រៀបចំ​​នៅ​តាម​ឃុំ ដើម្បី​ឱ្យ​ក្រុមការងារ​​តាម​រោង​ម៉ាស៊ីន​ចុះ​ទៅ​ទិញ។ ដើម្បី​បន្ថែម​ការ​ទប់ស្កាត់​ការ​ចុះថ្លៃ​នេះ ​លោក​​បាន​អញ្ជើញ​តំណាង​​រោងម៉ាស៊ីន​កិនស្រូវ នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ មួយ​ចំនួន​ធំ ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​អង្ករ មក​ចូល​រួម​ប្រជុំ ដើម្បី​សំណូមពរ​ដល់​​រោងម៉ាស៊ីន​ទាំង​នោះ​ ធ្វើ​ម៉េច​ឱ្យ​ការ​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ កុំ​ឱ្យ​ក្រោម​តម្លៃ​​កំណត់​ខាង​លើ ហើយ​រោងម៉ាស៊ីនទាំងនោះ ​នឹងប្រមូលទិញស្រូវជារៀងរាល់ថ្ងៃ ក្នុងមួយរោងម៉ាស៊ីន ចន្លោះពី ៥០០​តោន​ទៅ ២០០០តោន។

ចំពោះស្រូវ​នៅតាមតំបន់សេសសល់ផ្សេងទៀត ឬ​តំបន់ឆ្ងាយៗ​ខ្លះ​ លោក​ឧកញ៉ា យល់​ថាអាច​មាន​​តម្លៃ​មិន​ទាន់​បាន​ស្មើ ​ប្រហាក់ប្រហែល ឬ​តម្លៃ​ទាប​ជាង​នេះ ប៉ុន្តែ​តម្លៃ​ទាប​នោះ ករណី​ខ្លះ​ស្រូវ​មិន​​សូវ​មាន​គុណភាពល្អ។ លោក​ឧកញ៉ា បន្ថែម​ថា​ ទោះ​យ៉ាង​ណាបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន តម្លៃ​ស្រូវ​ខ្ពស់​បំផុត​ត្រឹម ១,០០០,០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​តោន ហើយ​តម្លៃ​នេះ ក៏​ថ្លៃ​ជាង​រាប់ឆ្នាំ​មុនៗ​ទៀតដែរ។ សម្រាប់​តម្លៃ​ខាង​លើ​នេះ លោក​ឧកញ៉ា​ យល់​ថា​គឺ​​ស្រប​តាម​តម្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ក៏​ជា​តម្លៃ​មួយ​សមស្រប​ទាំង​អ្នក​នាំចេញ​អង្ករ និង​កសិករ​ផលិតស្រូវ​ផង​ដែរ។

គួរបញ្ជាក់​ថា រយៈពេលប្រមាណ​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ តម្លៃ​ស្រូវ​នៅ​តាម​បណ្តាខេត្ត​មួយចំនួន ​​មាន​ការ​ធ្លាក់​ថ្លៃ​ជាបន្តបន្ទាប់ ដោយសារ​​មាន​ឈ្មួញ​ខិលខូច​​ឆ្លៀតឱកាស​បង្អាប់តម្លៃស្រូវពីកសិករ​ក្រោមហេតុផលផ្សេងៗ​ និងកេងចំណេញ ដោយថាទិញយកទៅលក់ឱ្យ​ក្រុមហ៊ុនកែច្នៃស្រូវអង្ករ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ប្រជាកសិករ ​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង ខណៈដែលពួកគាត់​បាន​ចំណាយ​យ៉ាង​ច្រើនទៅលើជី ដែលមានតម្លៃខ្ពស់ រួមទាំងសម្ភារ:​ក្នុង​ការថែទាំផ្សេងៗ និង​បាន​ស្នើ​សុំ​ឱ្យ​មន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍៕