អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយថា រុស្ស៊ី និងតួកគីបានសម្រេចនូវកិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ១លានតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។
“កិច្ចព្រមព្រៀងសំខាន់ៗត្រូវបានសម្រេច ហើយយើងសង្ឃឹមថា នាពេលដ៏ខ្លីខាងមុខ នឹងមានកិច្ចព្រមព្រៀងផ្សេងៗជាមួយភាគីដទៃ ក្នុងការផ្គត់ផ្គង់ផលិតផលរបស់ពួកយើង”។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីរុស្ស៊ីដដែល។
ជាមួយគ្នានោះ ដើម្បីអាចសម្រេចកិច្ចព្រមព្រៀងជាមួយរុស្ស៊ីបាន ភាគីទាំងអស់ត្រូវតែពិចារណាលើមធ្យោបាយដឹកជញ្ជូន ការទូទាត់ ផ្លូវដឹកជញ្ជូន គោលដៅដឹកទំនិញ និងបរិមាណទំនិញ។
គួររំលឹកដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរវាងរុស្ស៊ី និងអ៊ុយក្រែន បានលុបចោលកាលពីថ្ងៃទី១៨ ខែកក្កដា ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីអះអាងថា ពួកគេនឹងបន្តវាឡើងវិញ ដរាបណាលោកខាងលិចបង្ហាញការគោរព និងបញ្ឈប់ការរារាំង ចំពោះក្រុងមូស្គូក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស៕