រយៈពេល៨ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសចិនក្នុងទំហំទឹកប្រាក់ប្រមាណជាង៩៣៩លានដុល្លារ មានការកើនឡើង១៦.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍ជញ្ជីងស្ថិតិពាណិជ្ជកម្មអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមអគ្គនាយកដ្ឋាន និងរដ្ឋាករ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជានាំទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ប្រមាណ ១៥,៦៩២ លានដុល្លារ កើនឡើង០.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់១៥,៦៤១ លានដុល្លារ។
ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ប្រទេសចិនក្នុងទំហំទឹកប្រាក់ប្រមាណជាង៩៣៩លានដុល្លារ មានការកើនឡើង១៦.៨% ,សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ ថយចុះ ៤.៨%,ប្រទេសវៀតណាម មានតម្លៃជាង១ពាន់លានដុល្លារ កើនឡើង២៦.១%, ប្រទេសជប៉ុន មានតម្លៃជាង៧៧០លានដុល្លារ ថយចុះ២.៤%, ប្រទេសអាល្លឺម៉ង់ មានតម្លៃជាង៥៦៣លានដុល្លារ ថយចុះ២៤.៦%, ប្រទេសកាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀតផងដែរ។
ទំនិញដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំម៉ាស៊ីន ឧបករណ៍អគ្គិសនី កៅស៊ូ បន្លែជាដើម។
គួរឱ្យដឹងផងដែរ ប្រទេសចិននៅតែជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ជាងនេះទៀត កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ដូចជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនជាដើម ដែលតាមរយៈកិច្ចព្រមព្រៀងទាំងនេះសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា-ចិនផងដែរ៕