កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលជិត៣ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះស្ថានភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៥,១លានតោន ក្នុងនោះអង្ករមានជាង៤០ម៉ឺនតោន, ស្រូវមានជាង១,៧លានតោន និងកសិផលផ្សេងៗមានជាង២,៩លានតោន ទៅកាន់ទិសដៅ៧០ប្រទេស និងមានការថយចុះ១៦,០៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលគូសបញ្ជាក់ថា «ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផលមានចំនួនជាង ២.៩៨៥លានដុល្លារអាមេរិក ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួនជាង៣៤៧លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៦១៨លានដុល្លារអាមេរិក និងតម្លៃនាំចេញពីកសិផលផ្សេងៗក្រៅពីស្រូវអង្ករមានជាង២.០២១លានដុល្លារអាមេរិក»។

របាយការណ៍លើកឡើងថា ការនាំចេញកសិផលក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៣នេះ នៅតែបន្តថយចុះ១៦,០៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២ ដោយសារ៖១)- វិបត្តិសេដ្ឋកិច្ចសកលលោកនៅបន្តអូសបន្លាយបណ្តាលឱ្យផលិតផលនាំចេញមួយចំនួនថយចុះ ដោយសារការបញ្ជាទិញថយចុះ។ជាក់ស្តែងតាមរយៈសារព័ត៌មានចុះផ្សាយបានឱ្យដឹងថា ដោយសារវិបត្តិបរិត្តផរណាក្នុងប្រទេសចិន បណ្តាលឱ្យប្រជាជនចិនបានកាត់បន្ថយការចំណាយ ក្នុងនោះការបញ្ជាទិញទំនិញក៏ត្រូវបានកាត់បន្ថយនិង២)-ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ គ្មានការកត់ត្រានៅក្នុងប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ៕

អត្ថបទ៖សារេត