លោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកវិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ម្សិលមិញនេះ បានដឹកនាំក្រុមការងារ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីថ្មីនៃក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ លោកឧកញ៉ា អ៊ឹង ឆៃងួន បានចូលជួបសម្តែងការគួរសម និងជូនពរ ដែលលោករដ្ឋមន្ត្រី ត្រូវបានជ្រើសតាំងជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល។ បើតាមលោក មាស រិទ្ធី បុគ្គលិកជាន់ខ្ពស់មួយរូបនៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានឱ្យដឹងថា ជំនួបសម្តែងការគួសមរវាងស្ថាប័នហង្សមាស និងលោករដ្ឋមន្រ្តីក្រសួងព័ត៌មានម្សិលមិញនេះ ទទួលបាននូវទស្សន:ទានស៊ីសង្វាក់គ្នាលើវិស័យព័ត៌មាន ក្នុងយុគ្គសម័យកាលឌីជីថល បានន័យថា ធនធានមនុស្សជាកញ្ចប់សេដ្ឋកិច្ចប្រទេសជាតិ។ ដូច្នេះលោករដ្ឋមន្រ្តី ចាប់យកចំណុចស្នូលបង្កើតសាលារៀនវិក្រិត្យការព័ត៌មានមុនគេ ជាការអភិវឌ្ឍន៍ធនធានមនុស្សឱ្យសម្បូបែបនៅកម្ពុជាសិន ពោលគឺរៀនបណ្តើរធ្វើបណ្តើរ។
គួររំឭកថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧកញ៉ា អ៊ឹង ឆៃងួន ក៏បានដឹកនាំក្រុមការងារ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មានផងដែរ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា អ៊ឹង ឆៃងួន បានជម្រាបជូនពីដំណើរការវិវឌ្ឍន៍ថ្មីៗរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងបានដាក់ចេញផែនការ ដើម្បីធ្វើការផលិតកម្មវិធីថ្មីៗជាច្រើនទៀត សម្រាប់ផ្សាយនៅទូរទស្សន៍ហង្សមាស នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕