មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ បានយល់ព្រមឱ្យសហភាពអាហ្រ្វិក ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេស G20 ហើយ បន្ទាប់ពីសំណើដែលដាក់ចេញដោយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ត្រូវបានស្វាគមន៍ដោយប្រទេសជាសមាជិកទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័តមាន Reuters ។
លោក Modi បាននិយាយនៅឯការបើកកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី នៅថ្ងៃសៅរ៍នេះថា ៖ ” ដោយមានការគាំទ្រពីអ្នកទាំងអស់គ្នា ខ្ញុំសូមអញ្ជើញសហភាពអាហ្វ្រិក ឱ្យចូលរួមជាសមាជិករបស់ G20″ ។
គួរឱ្យដឹងថា ប្រទេសឥណ្ឌា បានជំរុញឱ្យមានការផ្តល់សមាជិភាព G20 ដល់សហភាពអាហ្រ្វិកអស់រយ:ពេលជាយូរមកហើយ។ ហើយកាលពីខែមិថុនា ឆ្នាំនេះ លោក Modi ថែមទាំងបានសរសេរលិខិតទៅកាន់មេដឹកនាំនៃក្រុមប្រទេស G20 ដើម្បីស្នើសុំឱ្យសហភាពអាហ្រ្វិក ក្លាយជាសមាជិកពេញលេញ និងអចិន្ត្រៃយ៍ នៅក្នុងប្លុកនេះផងដែរ។
ជុំវិញការផ្តល់សមាជិកភាពនេះ នឹងធ្វើឱ្យសហភាពអាហ្រ្វិក ដែលមានប្រទេសជាសមាជិកចំនួន ៥៥ មានឋាន:ដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរ ខណ:បច្ចុប្បន្ននេះ សហភាពអឺរ៉ុប គឺជាប្លុកក្នុងតំបន់តែមួយគត់ ដែលជាសមាជិកភាពពេញលេញ ក្នុងចំណោមក្រុមប្រទេស G20 ។
ជម្រាបជូនផងដែរថា ក្រុមប្រទេស G20 បច្ចុប្បន្នមានប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុបមួយ ដោយមានទំហំផលិតផលក្នុងស្រុកសរុបប្រហែលជា ៨៥% នៃពិភពលោក មានទំហំពាណិជ្ជកម្មច្រើនជាង ៧៥% នៃពាណិជ្ជកម្មសរុបរបស់ពិភពលោក និងមានប្រហែល ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក៕