ឧកញ៉ា លី សុភាព ចាប់ដៃគូជាមួយក្រុមហ៊ុន MoneyGram ពង្រីកសេវាកម្មផ្ទេរប្រាក់ពីគ្រប់បណ្តាប្រទេស មកកាន់កម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ” កាលពី​ពេល​ថ្មីៗ​នេះ បាន​​ចុះ​កិច្ចព្រម​ព្រៀង​ចាប់ដៃគូសហការ​ពង្រីកសេវាផ្ទេរប្រាក់​ឆ្លងប្រទេស​ជាមួយ MoneyGram ដែលជាក្រុមហ៊ុនឈានមួយមុខគេលើពិភពលោក ក្នុងវិស័យទូទាត់ប្រាក់ឌីជីថល និងជា​ក្រុមហ៊ុនផ្តល់សេវាទូទាត់ភ្លាមៗលំដាប់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ​ធ្វើ​ឱ្យ​ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស អាចធ្វើការផ្ញើប្រាក់​ត្រឡប់មកកាន់ប្រទេសកម្ពុជាបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ហើយរហ័សទៅដល់ក្រុម​គ្រួសាររបស់​ពួកគេ តាមរយៈការប្រើប្រាស់ MoneyGram។ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី បានធ្វើការតភ្ជាប់ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ព័ត៌មានវិទ្យាជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់អ្នកផ្ញើប្រាក់​ក្នុងការ​ផ្ទេរ​ប្រាក់មកកាន់គណនីអ្នកទទួលនៅក្នុងប្រទេស​កម្ពុជា តាមរយៈប្រព័ន្ធទូទាត់បាគង។

ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប និង​ជា​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ បាន​ថ្លែងឱ្យដឹង​ថា សេវាកម្ម​ថ្មី​នេះ​​មាន​ភាពងាយស្រួលបំផុត គឺថាគ្រាន់តែផ្តល់ព័ត៌មាន​របស់អ្នក​ទទួល ដូចជាឈ្មោះ​ធនាគារ និងលេខគណនីធនាគារប៉ុណ្ណោះ បន្ទាប់មកទៀត អ្នកទទួលគឺសើ្ទរតែអាចដក​ប្រាក់​បានភ្លាមៗ​តាមរយៈ​គណនីធនាគារបស់គាត់ ហើយ​សេវាថ្មីនេះគឺមានភាពងាយស្រួល រហ័ស និងតម្លៃសមរម្យ​ផង​ដែរ៕