ឧកញ៉ា ២រូប អំពាវនាវឱ្យអ្នកមានទុនធំៗ គួរងាកមកវិនិយោគលើការកែច្នៃផលិតផលកសិកម្ម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ឧកញ៉ា កែវ មុំ ប្រធានសមាគម​សហគ្រិនស្ត្រី​កម្ពុជា និងជាប្រធានសភាមុខរបរ និង មីក្រូសហគ្រាស-កម្ពុជា ​​យល់ថាអ្នកដែលមានទុនវិនិយោគធំៗ គួរសម្លឹងមើល​ឱកាសវិនិយោគ​លើវិស័យកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីផលិត និងកែច្នៃផលិតផល​កសិកម្ម សម្រាប់ផ្គត់ផ្គង់​ក្នុងប្រទេស និងនាំចេញ​​ទៅ​ក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា កែវ មុំ បាន​​បង្ហាញ​ពី​ការ​គាំទ្រ និងលើកទឹកចិត្តដល់អ្នកដែលមានទុនច្រើន ឬអ្នកវិនិយោគដែលមាន​ជំនាញ​ពិតប្រាកដ ពាក់ព័ន្ធនឹងកសិកម្ម ពិនិត្យលទ្ធភាពវិនិយោគទៅលើវិស័យនេះ ព្រោះកាលៈទេសៈនេះ អាច​ជាពេលវេលាដែលល្អបំផុតក្នុងការចាប់ផ្តើមវិនិយោគ ក្នុងពេលដែលពិភពលោកកំពុងខ្វះស្បៀងអាហារ​ផង​ដែរ។ ដូច្នេះការវិនិយោគទៅលើដំណាំកសិកម្ម គឺជាការវិនិយោគមួយដែលត្រឹមត្រូវ និងល្អ។

លោកស្រី​ឧកញ៉ា បាន​បន្ថែមថា កម្ពុជាជាប្រទេសដែលមានអំណោយផល និងសក្តានុពលក្នុងការធ្វើកសិកម្ម ដោយសារដីមានគុណភាព មានជីវជាតិល្អ និងគ្មានគ្រោះធម្មជាតិធំៗ ដែលផ្តល់ឱកាសទៅលើការវិនិយោគ ដាំ​ដុះ​ដំណាំកសិឧស្សាហកម្ម។ ជាមួយគ្នានេះ កសិផលរបស់កម្ពុជាចំនួន ត្រូវបានគេចាត់ទុកថា មានគុណភាព​ផងដែរ ដូចជា អង្ករជាប់ចំណាត់ថ្នាក់លេខ១ ស្វាយចន្ទី ជាប់ចំណាត់ថ្នាក់លេខ១ ម្រេច និងមានកសិផលផ្សេងៗ​ជាច្រើនទៀត ដែលយើងអាចយកទៅប្រកួតប្រជែងនៅលើទីផ្សារពិភពលោក​​បាន។

​ចំណែក​ឯ​អ្នកឧកញ៉ា លឹម ហេង ក៏​មានប្រសាសន៍​មិន​ខុស​គ្នា​​ប៉ុន្មាន​នោះ​ដែរ​ ដោយ​លោក​បាន​លើក​ឡើង​ថា ក្នុងស្ថានភាពនេះ ​ជាឱកាសមួយសម្រាប់អ្នកវិនិយោគក្នុងស្រុក​ក្នុងការងាកមកជ្រើសរើស​ការវិនិយោគលើវិស័យ​កសិកម្ម ស្រប​ពេល​ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិ​ទី៧​នេះ បានដាក់ចេញនូវគោលនយោបាយទ្រទ្រង់​សេដ្ឋកិច្ច​ក្រោយកូវីដ១៩ ដោយផ្តោតលើវិស័យកសិកម្ម និងបានបង្កើតប៉ូលសេដ្ឋកិច្ចពិសេសទី៤ នៅប៉ែកពាយព្យ​ទៀត​ផង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់​ឃើញ​ថា​ កន្លងមកអ្នកវិនិយោគ​ចាប់អារម្មណ៍​ច្រើនទៅលើ​វិស័យអចលនទ្រព្យ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​​​វិស័យអចលនទ្រព្យស្ថិតក្នុងភាពមិនសូវល្អប្រសើរ ដូច្នេះ​បើសិនជាអ្នកមានទុន អាចងាកមកចាប់យកឱកាសវិនិយោគវិស័យកសិកម្មវិញ គឺជាឱកាសល្អ ដើម្បី​ចូលរួម​ទ្រទ្រង់កំណើន​សេដ្ឋកិច្ចជាតិ តាមវិស័យកសិកម្ម៕