ចូ បៃដិន៖ ការពង្រឹងទំនាក់ទំនងជាមួយវៀតណាម មិនមែនចង់ប្រកាសសង្គ្រាមត្រជាក់ជាមួយចិនទេ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញ អំឡុងពេល​ថ្លែងសន្ទរកថាក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមថា ការរឹតចំណងមិត្តភាព​រវាងអាមេរិក និងវៀតណាម មិនមានគោលបំណងចង់ប្រកាសសង្គ្រាមត្រជាក់ជាមួយចិនឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំលោកខាងលិចក៏បានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចមួយនេះថា ជាកិច្ចខិតខំប្រឹងប្រែង​ធ្វើឲ្យពិភពលោកមានស្ថិរភាព តាមរយៈការរឹតចំណងមិត្តភាពរវាង​មហាអំណាចលោកខាងលិច និងបណ្ដាប្រទេសនៅអាស៊ីប៉ុណ្ណោះ។

“ខ្ញុំយល់ថា ពួកយើងគិតវាជ្រៅពេកហើយ បើនិយាយដល់រឿងសង្គ្រាមត្រជាក់។ វាមិនមែនអញ្ចឹងទេ វាគ្រាន់តែជាការជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាពនៅទូទាំងពិភពលោកប៉ុណ្ណោះ។ ពួកយើងមានឱកាសពង្រឹងភាពជាដៃគូជាមួយ​គ្រប់សម្ព័ន្ធមិត្ត ដើម្បីរក្សានូវស្ថិរភាព ហើយនេះគឺជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ”។ នេះបើតាមសម្ដីរបស់លោក បៃដិន បាននិយាយ។

សូមជម្រាបដែរថា ចំពោះដំណើរទស្សនកិច្ចសារនេះ អាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម ខណៈចិនកំពុងបង្ហាញការព្រួយ​បារម្ភកាន់តែខ្លាំង ដ្បិតមួយរយៈចុងក្រោយអាមេរិកហាក់ព្យាយាមសាងសម្ព័ន្ធមិត្តជាមួយ​បណ្ដាប្រទេសនៅអាស៊ាន ខណៈចិនកំពុងមានបញ្ហាចាក់ស្រែះជាមួយសមាជិកអាស៊ាន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង៕