ឧបសគ្គ ជាកម្មវត្ថុ ដ៏ស្មុគស្មាញមួយ ដែលតែងតែរារាំងមិនឱ្យយើងឈានទៅដល់គោលដៅ នៃភាពជោគជ័យបាន។ ឧបសគ្គ ពេលខ្លះគ្មានរូបរាងទេ ជាស្រមោលក៏មិនមែនតែជាអ្វី ដែលកើតឡើងដោយគ្មានការព្រាងទុក។
ឧទាហរណ៍ថា
ពេលយើងកំពុងតែធ្វើការ
ឬរកស៊ីសុខៗ ស្រាប់តែគេប្រាប់ថា
កិច្ចសន្យាការងារ
ឬកិច្ចសន្យាភាគហ៊ុននោះ
ត្រូវបានលប់ចោល ឬពេលខ្លះ
ទំនិញ ដែលយើងបញ្ជាទិញពីក្រៅប្រទេស
មកឱ្យអតិថិជន តាមកំណត់
ត្រូវបានគេប្រាប់ថា
លើកពេលមួយសប្តាហ៍ ធ្វើឱ្យអតិថិជនយើង
ថ្នាំងថ្នាក់ចិត្ត និងខឹងសម្បារ
និងជួនកាលគេប្តឹងទារសំណង
ព្រោះតែយើងមិនគោរពតាមសន្យា
ហើយការលប់ចោលកិច្ចសន្យា
ការខកខានទំនិញនេះ
ធ្វើឱ្យប៉ះពាលដល់ឥទ្ធិពល
ប្រសិទ្ធការងារ អាជីវកម្ម
ឬដំណើរការរបស់ក្រុមហ៊ុនយើង។
ប្រសិនបើយើង ជួបបញ្ហា ឬឧបសគ្គ ដោយគ្រាន់តែគេបញ្ចប់កិច្ចសន្យាការងារ កិច្ចសន្យាបណ្តាក់ទុន ឬកិច្ចសន្យាលក់ ទិញបែបនេះ យើងបាក់ទឹកចិត្ត ធ្លាក់ទឹកចិត្ត អស់សង្ឃឹម យើងស្លុត បាក់ស្មារតី និងខ្លាចឧបសគ្គ រហូតមិនអាចធ្វើអ្វីបាន នោះយើងមិនអាចឈានទៅដល់ទីលាន នៃភាពជោគជ័យបានទេ ទោះវានៅកៀកបង្កើយពីយើងក៏ដោយ។ ដូច្នេះសរុបសេចក្តីមក ចូរយើងកុំខ្លាចឧបសគ្គ ត្រូវតែហ៊ានច្បាំង ត្រូវតែប្រយុទ្ធ ត្រូវតែតស៊ូ ត្រូវតែពុះពារ ព្យាយាម អត់ធ្មត់ ជាមួយឧបសគ្គឱ្យបាន ព្រោះជីវិតមនុស្សកើតមក គ្មាននរណាម្នាក់មិនធ្លាប់ជួបឧបសគ្គ ឬជោគជ័យ ឬល្អឥតខ្ចោះរហូតនោះទេ។ បុគ្គលណាក៏ធ្លាប់ជួបឧបសគ្គ និងបញ្ហាដែរ គ្រាន់តែតិច ឬច្រើន។ដូចនេះ ដើម្បីជោគជ័យ ត្រូវតែតស៊ូ អត់ធ្មត់ កុំបោះបង់ កុំចុះញ៉ម កុំបាក់ទឹកចិត្ត ត្រូវតែជម្នះឧបសគ្គឱ្យបាន។
ការមិនចុះញ៉មនឹងឧបសគ្គ គឺរមែងធ្វើឱ្យយើងមានអនាគតភ្លឺស្វាង ជោគជ័យគ្រប់កិច្ចការ ទាំងការរកស៊ី ការសិក្សារៀនសូត្រ និងការបំពេញការងារជាពិសេសយើងនឹងមិនក្លាយជាមនុស្សធ្លាក់ក្រោមឥទ្ធិពល នៃការបរាជ័យឡើយ។ ចូរគប្បីរិះរកគ្រប់វិធី គ្រប់មធ្យោបាយ ប្រកបដោយភាពឆ្លាតវៃ ដើម្បីដោះស្រាយ និងត្រូវតែដោះស្រាយ ប្រកបដោយទំនុកចិត្ត ទំនួលខុសត្រូវខ្ពស់សេចក្ដីក្លាហាន មោះមុត និងម្ចាស់ការ។ ចូរចងចាំថា លើលោកនេះ គ្មានអ្វី ដែលថាមិនអាចទៅរួចនោះទេ មានតែពាក្យថា មិនអាចទេ ដែលធ្វើឱ្យយើងមិនអាច៕
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី