អ្នករៀបចំផែនការសេដ្ឋកិច្ចរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីគម្រោងធំៗចំនួន ៤ ៨៩៤ គម្រោង ជាមួយនឹងដើមទុននៃការវិនិយោគសរុបចំនួន ៥,២៧ទ្រីលានយ៉ន់ (៧១៧,៦ពាន់លានដុល្លារ) ដើម្បីទាក់ទាញការវិនិយោគឯកជន បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។
គម្រោងទាំងនេះ ភាគច្រើនពាក់ព័ន្ធជាមួយនឹងការសាងសង់ទីក្រុង ផ្លូវហាយវេ កំពង់ផែ ក៏ដូចជាផ្តោតទៅលើវិស័យកសិកម្ម និងទេសចរណ៍ ហើយនឹងត្រូវបែងចែកទៅកាន់តំបន់ភាគកើត ភាគកណ្តាល ភាគខាងលិច និងភាគឦសានរបស់ប្រទេសចិន។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការអភិវឌ្ឍ និងកំណែទម្រង់ជាតិ (NDRC) ។
ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិន បានបញ្ចេញនូវវិធានការគោលនយោបាយជាបន្តបន្ទាប់ ដើម្បីជួយដល់អាជីវកម្មឯកជនឡើងវិញ បន្ទាប់ពីវិស័យនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងការបង្ក្រាបទ្រង់ទ្រាយធំទៅលើវិស័យជាច្រើន ដោយរាប់ចាប់តាំងពីបច្ចេកវិទ្យា រហូតដល់អចលនទ្រព្យ ។
ជម្រាបជូនផងដែរថា ការវិនិយោគទ្រព្យសកម្មថេរ ដោយក្រុមហ៊ុនឯកជន បានធ្លាក់ចុះ ០,៥% ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងការធ្លាក់ចុះត្រឹម ០,២% នៅក្នុងឆមាសទីមួយឆ្នាំនេះ៕