អំឡុងដំណើរទស្សនកិច្ចនៅទីក្រុង Kyiv កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន លោក Yoshimasa Hayashi បានជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy និងបានសន្យាលើគោលជំហររបស់ទីក្រុងតូក្យូក្នុងការគាំទ្រ ក៏ដូចជាយល់ព្រមចាប់ផ្តើមការចរចា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។
លោក Hayashi បានប្រាប់ទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែនថា ប្រទេសជប៉ុនត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាប់ផ្តើមការចរចារស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយផ្អែកលើកិច្ចព្រមព្រៀង រវាងក្រុមប្រទេស G7 និងអ៊ុយក្រែន ដែលបានធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលអង្គការ NATO កាលពីក្នុងខែកក្កដា។
លោកបន្តថា ជប៉ុនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រទេសអ៊ុយក្រែន លើការស្តារសេដ្ឋកិច្ច និងកសាងប្រទេសឡើងវិញ ក៏ដូចជាបន្តឆន្ទៈក្នុងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងទៅលើរុស្ស៊ីផងដែរ។
ក្នុងនោះ លោក Zelenskyy ក៏បានថ្លែងអំណរគុណចំពោះជំនួយហិរញ្ញវត្ថុ និងមនុស្សធម៌ របស់ជប៉ុន មកលើប្រទេសខ្លួន ក៏ដូចជាជំនះបញ្ហាក្នុងការផ្គត់ផ្គង់ថាមពល ដោយសារតែការវាយប្រហាររបស់រុស្ស៊ីកន្លងមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP ។
សូមជម្រាបថា ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមក ប្រទេសជប៉ុនបានបរិច្ចាគទឹកប្រាក់ច្រើនជាង ៧ពាន់លានដុល្លាររួចទៅហើយ ដែលភាគច្រើនជាជំនួយមនុស្សធម៌ និងជំនួយឧបករណ៍យោធាដែលមិនមានគ្រោះថ្នាក់៕