គិតត្រឹមឆ្នាំ២០២៣នេះ រាជធានី/ខេត្ត៣ មានរោងចក្រ សហគ្រាសច្រើនជាង ប្រមាណ១០ ១៩១រោងចក្រ ក្នុងនោះក៏មានរោងចក្រ សហគ្រាសវិស័យកាត់ដេរ ប្រមាណជាង១ពាន់ រោងចក្រផងដែរ។នេះបើតាម លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត កាលពីពេលថ្មីៗនេះ។
បើតាមរដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថា រាជធានី/ខេត្តទាំង៣នោះ រួមមាន៖
១)រាជធានីភ្នំពេញ៖ បច្ចុប្បន្នបច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសប្រមាណ៩ ៣២៣រោងចក្រ មានកម្មករនិយោជិក ប្រមាណ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្មួលសរុបជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះសហគ្រាសវិស័យកាត់ដេរមានចំនួន ៧៤៣រោងចក្រ មានកម្មករនិយោជិកសរុបចំនួនប្រមាណ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រសហគ្រាសច្រើនជាងគេ។
២)ខេត្តកំពង់ស្ពឺ៖ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសចំនួន ៣៨៥រោងចក្រ មានកម្មករនិយោជិតកំពុងបម្រើការងារសរុបជាង១៥ម៉ឺននាក់ ដែលផ្តល់ប្រាក់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៤៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ។ក្នុងនោះ វិស័យកាត់ដេរមានរោងចក្រ ១៩១ មានកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង៤៣០លានដុល្លារ ក្នុងមួយឆ្នាំ ហើយជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។
៣)ខេត្តកណ្តាល៖ បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន ៤៨៣ មានកម្មករនិយោជិតជង១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤៧៣លានដុល្លារ ក្នុងមួយឆ្នាំៗ។ក្នុងនោះ រោងចក្រសហគ្រាសវិស័យកាត់ដេរមានចំនួន ១៧១ មានកម្មករនិយោជិតសរុបជាង១៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៤១១លានដុល្លារ ក្នុងមួយឆ្នាំ និងជាខេត្តទី៣ មានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្នមានការវិនិយោគជាច្រើនពីបរទេស ដោយទាំងរោងចក្រនិងសហគ្រាសនៅភ្នំពេញនិងបណ្តាខេត្តមានការកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញថា កម្ពុជាមានការអភិវឌ្ឍលឿនរហ័សនិងមានសុខសន្តិភាពពេញលេញទើបមានអ្នកវិនិយោគមកបណ្ដាក់ ទុនជាបន្តបន្ទាប់បែបនេះ៕