លោកឧកញ៉ា ហួត អៀងតុង ស្ថាបនិក និងជាប្រធានអគ្គនាយកធនាគារ ហត្ថា ធ្លាប់មានប្រវត្តិក្រខ្សត់កាលនៅកុមារភាព និងធ្លាប់ជាក្មេងដើរទូលនំបុ័ងលក់ ប៉ុន្តែបានខិតខំសិក្សារៀនសូត្រ ដើម្បីឈានចាប់បានឱកាសការងារមួយចំនួន រហូតក្លាយខ្លួនជាម្ចាស់ធនាគារពាណិជ្ជដ៏ឈានមុខមួយ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
ឧកញ៉ា ហួត អៀងតុង បានថ្លែងឱ្យដឹង តាមរយៈបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅថា លោកមានស្រុកកំណើតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាស្រុកព្រៃភ្នំក្រំថ្មមួយ មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ នៅពេលដឹងក្តីចូលរៀន អាយុប្រហែល៧ឆ្នាំ លោកបានទៅរស់នៅនិងសិក្សានៅទីរួមខេត្តពោធិ៍សាត់ ហើយនៅពេលនោះ លោករស់នៅជាមួយម្តាយមីង ដែលមានមុខរបរដុតនំបុ័ងលក់ ហើយលោកត្រូវជួយធ្វើនំបុ័ងម្តាយមីងនៅពេលយប់ និងដើរទូលនំបុ័ងលក់នៅពេលទាបភ្លឺ និងដើរទូលលក់តាមស្ថានីយ៍រថភ្លើង។
សម្រាប់ការសិក្សាថ្នាក់បាក់ឌុប គឺលោកបានរាជរដ្ឋាភិបាលជួយផ្តល់អាហារូបករណ៍ឱ្យ នៅឆ្នាំ១៩៨៣។ បន្ទាប់មក លោកបានមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយនៅតែបានការជួយអាហារូបករណ៍ពីរាជរដ្ឋាភិបាលដដែល និងបានបញ្ចប់បរិញ្ញាបត្រ នៅឆ្នាំ១៩៩១។ ពេលចប់ពីសាកលវិទ្យាល័យកសិកម្មហើយ ក៏រាជរដ្ឋាភិបាលផ្តល់ឱកាសឱ្យធ្វើជាមន្ត្រីរាជការ នៅមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ ហើយពេលនោះមានអង្គការមួយមកពីប្រទេសកាណាដា មកចាប់ផ្តើមរៀបចំការអភិវឌ្ឍនៅខេត្តពោធិ៍សាត់ និងបានជ្រើសរើសរូបលោក ជាមន្ត្រីជំនួយការ។ ពេលនោះ លោកធ្វើការជាមន្ត្រីកសិកម្មផង និងធ្វើជាជំនួយការឱ្យអង្គការកាណាដាផង។
លោកឧកញ៉ា បានបន្តថា រហូតដល់ឆ្នាំ១៩៩៥ លោកយល់ឃើញថា កម្មវិធីឥណទាន គឺជាកម្មវិធីមួយល្អខ្លាំងមែនទែន ដែលលោកស្រឡាញ់ ហើយជាកម្មវិធីមួយដែលប្រជាពលរដ្ឋខ្មែរ ត្រូវការយូរអង្វែងទៅមុខ ដូច្នេះលោកក៏ជម្រាបទៅនាយកគម្រោងរបស់អង្គការថា លោកសុំឈប់ធ្វើជាជំនួយការទៀតហើយ ហើយសុំទទួលខុសត្រូវធ្វើតែគម្រោងឥណទានមួយទេ។ ដូច្នេះខាងអង្គការក៏ទទួលយកសំណើរបស់លោក និងឱ្យលោកកាន់ការងារតែខាងឥណទានតែមួយមុខ។ នៅឆ្នាំ១៩៩៦ លោកក៏សុំផ្តាច់ចេញពីគម្រោងអង្គការទាំងស្រុង និងបានបង្កើតអង្គការខ្លួនឯងមួយ ដោយដាក់ឈ្មោះថា អង្គការហត្ថាកសិករ ដែលយើងធ្វើការផ្តល់សេវាឥណទានជូនប្រជាពលរដ្ឋរបស់យើង និងបានចុះបញ្ជីជាអង្គការក្នុងស្រុកនៅក្រសួងមហាផ្ទៃ។
ក្រោយមក អង្គការមួយនេះ បានពង្រីកខ្លួនបន្តិចម្តងៗ នៅខេត្តជុំវិញបឹងទន្លេសាប ដូចជាខេត្តកំពង់ធំ សៀមរាប ខេត្តបន្ទាយមានជ័យ ជាដើម។ រហូតដល់ឆ្នាំ២០០០ ធនាគារជាតិកម្ពុជា ក៏បានចេញច្បាប់មួយថា គ្រប់អង្គការឥណទាន ចាំបាច់ត្រូវតែបំលែងខ្លួនទៅជាក្រុមហ៊ុនឯកជន លោកក៏ចាប់ផ្តើមរៀបចំប្រែក្លាយខ្លួនមកជាក្រុមហ៊ុនឯកជន ដោយពេលនោះមានការលំបាកយ៉ាងច្រើន ព្រោះត្រូវការរកអ្នកចូលហ៊ុន ធ្វើយ៉ាងណា ឱ្យមានអ្នកចូលរួមភាគហ៊ុនបន្ថែម។ រហូតដល់ឆ្នាំ២០០១ ទើបលោកបានបង្កើតបានជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាផ្លូវការ ដោយបានចូលហ៊ុនជាមួយអង្គការរបស់បារាំងមួយ និងបានពង្រីកខ្លួនជាបន្តបន្ទាប់។
នៅឆ្នាំ២០១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបំលែងខ្លួនម្តងទៀត ទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំ និងបានពង្រីកខ្លួនកាន់តែធំ។ ដល់ឆ្នាំ២០១៦ លោកក៏បានចុះកិច្ចព្រមព្រៀងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ជាមួយនឹងម្ចាស់ភាគហ៊ុនក្រៅប្រទេសធំមួយទៀតគឺ ធនាគារ ក្រុងស្រ៊ី របស់ប្រទេសថៃ ដែលមានម្ចាស់ជាជនជាតិជប៉ុន ជាម្ចាស់ក្រុមហ៊ុនហិរញ្ញវត្ថុ គ្រុប ដ៏ធំមួយនៅជប៉ុន។ ក្រោយកិច្ចសហការចូលហ៊ុននេះ លោកឧកញ៉ាបានបំលែងខ្លួនមកជា ធនាគារពាណិជ្ជកម្ម (ធនាគារ ហត្ថា) នៅឆ្នាំ២០២០។
លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ លើវិស័យហិរញ្ញវត្ថុ ដែលជាកត្តាធ្វើឱ្យលោកក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ ១៩៩១ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាល និងគ្រប់គ្រងអាជីវកម្ម។ ជាពិសេស លោកឧកញ៉ា ក៏ធ្លាប់ចូលរួមសិក្ខាសាលាជាច្រើន នៅក្រៅប្រទេសពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជានៅប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត៕