អាមេរិក ព្រមានដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ខណ: គីម ជុងអ៊ុន ត្រៀមជួប ពូទីន

អន្តរជាតិ

ខណ:ពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សហរដ្ឋអាមេរិក បានធ្វើការគម្រាមថានឹងអនុវត្តទណ្ឌកម្មដែលមានស្រាប់ និងបន្ថែមទណ្ឌកម្មថ្មី ប្រសិនបើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចុះកិច្ចព្រមព្រៀងលក់អាវុធ ទៅឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាជើង បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំង និយាយថា នឹងក្លាយជាការពិភាក្សាដ៏ទូលំទូលាយ ជាមួយប្រធានាធីបតី លោក ពូទីន ។

ជុំវិញដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមរិក លោក Matthew Miller បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបន្តមើលការខុសត្រូវ ចំពោះអង្គភាពណាមួយ ដែលចូលរួមពាក់ព័ន្ធជាមួយនឹងយោធារបស់រុស្ស៊ី ជុំវិញការបង្ករសង្គ្រាមនៅអ៊ុយក្រែន។

លោក Miller បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ ” ខ្ញុំនឹងបន្ត​ក្រើន​រំលឹកដល់ប្រទេសទាំងពីរថា ការជួញដូរអាវុធពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី នឹងក្លាយជារឿងដែលបំពានទៅលើដំណោះស្រាយជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ “​។

“ ពិតណាស់ ពួកយើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងចាស់ដៃ ប្រឆាំងទៅនឹងអង្គភាព ដែលផ្តល់មូលនិធិដល់ការបង្ករសង្គ្រាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ខណ:យើងក៏នឹងមិនស្ទាក់ស្ទើរក្នុងការបន្ថែមទណ្ឌកម្មថ្មីផងដែរ ប្រសិនបើមានរឿងមិនសមស្របណាមួយ ” ។

ជម្រាបជូនផងដែរថា ទាំងរុស្ស៊ី និងកូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ពីសំណាក់អាមេរិករួចទៅហើយ ស្របពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​កំពុង​តាម​ដាន​ស្ថានការណ៍ ហើយ​នឹងរង់ចាំ​មើល​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​នឹងទៅជាយ៉ាង​ណា មុន​នឹង​ឈានដល់ការដាក់ទណ្ឌកម្មថ្មីបន្ថែម ៕