ដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន ទៅរុស្ស៊ី បង្ហាញពីទំនាក់ទំនងរឹងមាំ រវាងប្រទេសទាំង២

អន្តរជាតិ

រថភ្លើងពាសដែកដឹកមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលដល់ទឹកដីរុស្ស៊ី កាលពីថ្ងៃទី១២ ខែកញ្ញាម្សិលមិញ ខណៈលោក គីម បានអះអាងថា ដំណើរទស្សនកិច្ចដ៏កម្រនេះ គឺបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយពីកាសែតរដ្ឋកូរ៉េខាងជើង KCNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ដាញសារព័ត៌មានខាងលើបានរាយការណ៍បន្ថែមថា លោក គីម ជុងអ៊ុន បានបញ្ជាក់ពីដំណើរ​ទស្សនកិច្ចរបស់លោក ទៅកាន់សហព័ន្ធរុស្ស៊ីថា ជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ពី​គោលជំហរ​របស់គណបក្សពលករ (WPK) និងរដ្ឋាភិបាលកូរ៉េខាងជើង ដែលផ្ដល់អាទិភាព​ចំពោះសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) និងរុស្ស៊ី។

សូមជម្រាបដែរថា រថភ្លើងពាសដែករបស់លោក គីម បានទៅដល់ទីក្រុង Khasan កាលពីព្រឹកថ្ងៃ​អង្គារសប្ដាហ៍នេះ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រដ្ឋមន្ត្រីធនធានធម្មជាតិ​រុស្ស៊ី លោក Alexander Kozlov។

ថ្វីបើទៅដល់រុស្ស៊ីតាំងពីម្សិលមិញក៏ពិតមែន ប៉ុន្តែមកទល់ពេលនេះ មេដឹកនាំកូរ៉េខាងជើង នៅមិនទាន់ជួបមុខប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីននៅឡើយទេ ដោយកំពុងធ្វើដំណើរ​តាមរយៈរថភ្លើងពាសដែកដដែល ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំងអះអាងថា ជំនួបរវាងមេដឹកនាំទាំង២ នឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខ៕