កសិករកំពុងបាក់ទឹកចិត្ត រឿងនាំចេញផ្លែស្វាយស្រស់ធ្លាក់ចុះជាង២១% ខណៈការដំាដុះជួបបញ្ហា

សង្គម​ និង​សេដ្ឋកិច្ច

ត្រឹមរយៈពេល៨ខែក្នុងឆ្នំា២០២៣នេះផ្លែស្វាយស្រស់របស់កម្ពុជាបាននាំចេញមានជាង៩,៥ម៉ឺនតោន ពោលធ្លាក់ចុះជាង២១% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។នេះយោងតាមយោងតាមរបាការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។ទាក់ទងនិងការនាំចេញផ្លែស្វាយស្រស់ធ្លាក់ចុះនេះ ត្រូវបានតំណាងសហគមន៍កសិកម្មស្វាយកែវរមៀតគីរីរម្យយល់ឃើញថា វាបង្ហាញឱ្យឃើញពីសកម្មភាពដាំដុះស្វាយនៅក្នុងស្រុកកំពុងជួបបញ្ហាទីផ្សារ និងធ្វើឱ្យកសិករបាក់ទឹកចិត្តនៅក្នុងមុខរបររបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុទ្ធ សុភា ប្រធានប្រតិបត្តិនៃសហគមន៍កសិកម្មស្វាយកែវរមៀតគីរីរម្យបានឱ្យដឹងថា ក្នុងរយៈពេល២ឬ៣ឆ្នំាកន្លងមកនេះកសិករដាំដុះស្វាយនៅក្នុងតំបន់បានជួបរឿងផ្ទួនៗគ្នាទៅលើតម្លៃផ្លែស្វាយកែវរមៀតវាមិនមានតុល្យទៅនិងការចំណាយរបស់កសិករ ធ្វើឱ្យម្ចាស់ចំការមានការខាតបង់ប្រាក់ច្រើន។

លោកបញ្ជាក់ថា «តួយ៉ាងនៅឆ្នំា២០២២និង២០២៣នេះ ម្ចាស់ចំការស្វាយមានការបាក់ទឹកចិត្តលែងមានអ្នកចង់បន្តជាមួយនិងការដំាដុះស្វាយទៀតនោះទេ ដោយកសិករខ្លះបានកាត់ដើមស្វាយចោល ហើយកសិករខ្លះផ្សេងទៀតទុកដីទំនេចោល មិនដូចទៅនិងពេលដែលផ្លែស្វាយមានហាងឆេងនោះទេ»។

បើតាមប្រធានប្រតិបត្តិនសហគមន៍កសិកម្មស្វាយកែវរមៀតគីរីរម្យការនាំចេញស្វាយស្រស់ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០២៣នេះមានការធ្លាក់ចុះជាង២១%នេះ វាបានបង្ហាញឱ្យឃើញពីសកម្មភាពដំាដុះស្វាយកែវរមៀតនៅក្នុងស្រុកកំពុងជួបបញ្ហាទីផ្សារ និងធ្វើឱ្យកសិករបាក់ទឹកចិត្ត។

លោកសុទ្ធ សុភា លើកឡើងថានៅទីនេះសមាជិកដែលជាម្ចាស់ចំការស្វាយទំាងអស់ពួកគាត់មានការខាតបង់គ្រប់គ្នា ហើយផ្លែស្វាយនៅសល់ចុងក្រោយទុកឱ្យទុំជ្រុះចោល ដោយសារតម្លៃស្វាយលក់បានតែពី ២០០ទៅ៣០០រៀលក្នុងមួយគីឡូក្រាម ខណៈកសិករចំណាយដើមលើការថែទំាខ្ពស់។

លោកបន្តថា នៅមុនវិបត្តិជំងឺកូវីដ១៩ចូលមកលុកលុយនៅកម្ពុជាស្វាយកែវរមៀតកសិករនៅអាចលក់បានថ្លៃនៅចន្លោះពី៨០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាមផ្អែកទៅតាមប្រភេទផ្លែស្វាយ ប៉ុន្តែបន្ទាប់ពីជួបវិបត្តិជំងឺកូវីដ១៩មក ហាងឆេងស្វាយកែវរមៀតវាមិនឋិតថេរ ដោយនៅពេលខ្លះតម្លៃស្វាយបានធ្លាក់ចុះមកនៅត្រឹម៣០០រៀលក៏មាន។បច្ចុប្បន្ននេះស្វាយកែវរមៀតគិតជាមធ្យមនៅមានតម្លៃពី៥០០ទៅ៧០០រៀលក្នុងមួយគីឡូក្រាម។

នៅពេលបច្ចុប្បន្ន បើតាមលោក សុទ្ធ សុភា ថាសហគមមានផ្ទៃដីដំាស្វាយកែវរមៀតមានប្រមាណ៧០០ហិកតា ហើយក្នុងនាមជាប្រធានប្រតិបត្តិលោកមានការព្រួយបារម្ភជាខ្លំាងទៅថ្ងៃអនាគតបើសិនមិនមានឈ្មួញចុះមកទិញស្វាយពីកសិករឱ្យច្បាស់លាស់នោះទេ កសិករអាចនិងជួបវិបត្តិច្រើនថែមទៀត។

លោក សុទ្ធ សុភា សំណូមពរដូច្នេះថា «ក្នុងនាមខ្ញុំជាប្រធានប្រតិបត្តិរបស់សហគមន៍ ខ្ញុំមានការព្រួយបារម្ភខ្លំាងទៅថ្ងៃអនាគត ព្រោះបច្ចុប្បន្នយើងមិនទាន់ឃើញមានយន្តការខាងណាមួយឱ្យច្បាស់លាស់ក្នុងការពង្រឹងទៅលើអ្នកទិញឱ្យពិតប្រាកដមកពីប្រទេសទី៣នៅឡើយទេ។ កន្លងមកយើងតែងនិយាយថានឹងមានឈ្មួញកូរ៉េ និងចិនចូលមកទិញស្វាយពីកសិករ ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា ជាមួយចិននិងជាមួយប្រទេសកូរ៉េ។ ប៉ុន្តែកសិផលរបស់យើងនៅមិនទាន់បាននាំចេញទៅប្រទេសទំាងនេះនៅឡើយទេ។ដូចនេះខ្ញុំគិតថាបើសិនជានៅបន្តយន្តការបែបនេះបន្តទៀត ប្រជាកសិករខ្មែរដែលប្រកបអាជីវកម្មលើដំណាំកសិផល កសិករនឹងជួបវិបត្តិច្រើនតទៅមុខទៀត»៕ អត្ថបទ៖សារេត