បន្ទាប់ពីជួបមុខជជែកគ្នាអស់រយៈពេលជាងមួយម៉ោង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបិទបញ្ចប់កិច្ចពិភាក្សា ដោយមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ្វីទាំងអស់។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទៅកាន់សារព័ត៌មានរដ្ឋ Russia 1។
នៅពេលត្រូវបានចោទសួរអំពីកិច្ចព្រមព្រៀងទិញអាវុធ លោក Peskov បែរជាឆ្លើយថា ជំនួបរវាងមេដឹកនាំទាំង២ គឺជជែកគ្នាពីទំនាក់ទំនងនៃប្រទេសទាំង២ និងចំណុចរសើបមួយចំនួន ដូចជា បញ្ហាផ្នែកយោធា។
“បញ្ហាដែលបានជជែកគ្នានោះ គឺជារឿងរបស់ប្រទេសទាំង២ ហើយបញ្ហាទាំងនោះ មិនគួរត្រូវបានដឹងលឺ ពីប្រទេសទី៣ឡើយ។ កិច្ចសហប្រតិបត្តិការរបស់យើង គឺធ្វើឡើងដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេស២ ប៉ុន្តែមិនប្រឆាំងនឹងនរណាម្នាក់ឡើយ”។ នេះបើតាមសម្ដីរបស់លោក Peskov បានលើកឡើង។
សូមជម្រាបដែរថា នេះគឺជាការជួបមុខគ្នាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ រវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយមេដឹកនាំកូរ៉េខាងជើង បានជិះរថភ្លើងពាសដែក ដើម្បីបំពេញទស្សនកិច្ចនៅរុស្ស៊ី៕