បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អស់រយៈពេលជាង ១ម៉ោង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យរៀបចំអាហារពេលល្ងាចដ៏ប្រណីតមួយពេលនៅមូលដ្ឋានយានអវកាស Vostochny Cosmodrome ត្រៀមទទួលសម្ព័ន្ធមិត្តមកពីកូរ៉េខាងជើង។
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Russia 1 បានបង្ហាញពីបញ្ជីមុខម្ហូប ដែលសុទ្ធសឹងតែប្រណីតៗ សម្រាប់អាហារពេលល្ងាចរវាងថ្នាក់ដឹកនាំទាំង ២រូប ដែលមានដូចជា សាឡាត់ទាជាមួយផ្លែល្វា និងទឹកខ្មេះ គាវសាច់ក្ដាម Kamchatka ស៊ុបត្រីគល់រាំង ការ៉េម Sea Buckthorn ត្រី Sturgeon ជាមួយផ្សិត និងដំឡូងបារាំង សាច់គោអាំងលើថ្មម៉ាបជាមួយបន្លែដុត និងផ្លែឈើ គ្រាប់ធញ្ញជាតិ ជាមួយទឹកដោះគោខាប់។
សូមជម្រាបបន្ថែមថា នេះគឺជាការស្វាគមន៍អាហារពេលល្ងាចលើកទី២ ពីរុស្ស៊ី សម្រាប់លោក គីម ជុងអ៊ុន ខណៈកន្លងមកលោក ពូទីន ធ្លាប់ទទួលអាហារពេលល្ងាចលោក គីម មួយពេល កាលពីឆ្នាំ២០១៩៕