លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង និងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន វិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលជាអ្នកទទួលបន្ទុកសាងសង់ បានចូលរួមក្នុងពិធីភ្ជាប់តួស្ពាន កោះពេជ្រ-កោះនរា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើកប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខ ដើម្បីកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស។
ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ស្ពានកោះពេជ្រ-កោះនរា ដែលទើបនឹងភ្ជាប់តួស្ពាននៅរសៀលថ្ងៃនេះ មានប្រវែង ៨៤៤ម ទទឹង ២៤.៥ម មាន ២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ៕