ឥណ្ឌូនេស៊ី គ្រោងនឹងបិទការធ្វើអាជីវកម្មលើបណ្តាញសង្គម ក្រោមហេតុផលមួយចំនួន

អន្តរជាតិ

លោក Jerry Sambuaga អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្រាប់ទៅកាន់អង្គសវនាការសភាកាលពីថ្ងៃទី ១២ម្សឹលមិញថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងហាមឃាត់ រាល់ការលក់ផលិតផលនៅលើបណ្តាញសង្គម ក្រោមបទប្បញ្ញត្តិពាណិជ្ជកម្មថ្មី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន​ Nikkei Asia ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានបន្តថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកមិនអាចរួមបញ្ចូលជាមួយគ្នាបាននោះទេ ណាមួយអាជីវករដែលរកស៊ីនៅលើអនឡាញទាំងនោះ បានធ្វើការកំណត់តម្លៃថោក ដែលវាកំពុងគំរាមកំហែងដល់ទីផ្សារលក់ខាងក្រៅ នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានោះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះក៏បានលើកឧទាហរណ៍ ពីអ្នកលក់ដែលប្រើប្រាស់ការផ្សាយបន្តផ្ទាល់ នៅលើវេទិកាវីដេអូបែបខ្លីៗរបស់TikTok ដើម្បីលក់ទំនិញរបស់ពួកគេជាដើម។

ជាការឆ្លើយតប ក្រុមហ៊ុន TikTok បាននិយាយថា ការបំបែកគ្នារវាងប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទៅជាវេទិកាផ្សេងៗគ្នា អាចនឹងរារាំងការច្នៃប្រឌិត ហើយសង្ឃឹមថារដ្ឋាភិបាលនឹងមានការយោគយល់។

សូមជម្រាបថា TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ByteDance ដោយបច្ចុបន្នឥណ្ឌូនេស៊ីមានអ្នកប្រើប្រាស់សកម្មរហូតដល់ទៅ ១២៥លាននាក់ក្នុងចំណោមអ្នកប្រើប្រាស់ ៣២៥លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុនបាននិយាយថា មានហាងអាជីវកម្មខ្នាតតូចៗប្រមាណ ២លានឯណោះក្នុងប្រទេសមួយនេះ៕