កម្ពុជា ត្រៀមបង្ហាញមុខម្ហូបត្រចៀកកំាប្លែកៗ នៅក្នុងវេទិកាធុរកិច្ចសំបុកត្រចៀកកំាក្នុងខែតុលាខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកំាកម្ពុជា បានអះអាងថានឹងបង្ហាញមុខម្ហូបអាហាររបស់ខ្មែរមួយចំនួនដែលផ្សំឡើងពីសំបុកត្រចៀកកំា នៅក្នុងវេទិកាធុរកិច្ចសំបុកត្រចៀកកំាកម្ពុជាដែលនឹងចាប់ផ្តើមឡើងនៅខែតុលាខាងមុខនេះ បន្ទាប់ពីបានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងមុខម្ហូបត្រចៀកកំានៅប្រទេសម៉ាឡេស៊ីកន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកំាកម្ពុជាបានឱ្យដឹងថាការចូលរួមកម្មវិធីប្រកួតប្រជែងមុខម្ហូបត្រចៀកកំាដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ីកន្លងមកនេះ ខ្ញុំបានទទួលនៅបទពិសោធន៍ជាច្រើនពីការរៀបចំធ្វើមុខម្ហូបត្រចៀកកំា។មុខម្ហូបអាហារនេះយើងអាចធ្វើបានច្រើនបែបច្រើនយ៉ាង ហើយអាចកែច្នៃធ្វើជាមុខម្ហូបអាហារដ៏វិសេសវីសាលសម្រាប់មនុស្សជាតិទូទៅ។

លោកស្រីលើកឡើងថា« កម្មវិធីនៅម៉ាឡេស៊ីកន្លងមកនេះ ភាគច្រើនពួកគាត់យកសំបុកត្រចៀកកំាកែច្នៃធ្វើជាមុខម្ហូបសម្រាប់ជនជាតិពួកគាត់ហើយនៅក្នុងពេលនោះខ្ញុំមានអារម្មណ៍គិតថា កម្ពុជាក៏អាចកែច្នៃបានដូចគ្នា។សម្រាប់មុខម្ហូបខ្មែរមួយចំនួនធំយើងអាចយកសំបុកត្រចៀកកំាធ្វើជាម្ហូបអាហារបែបប្រពៃណីជាតិយើង ហើយ នៅវេទិកាធុរកិច្ចរៀបចំឡើងក្នុងខែតុលាខាងមុខនេះនឹងមានមុខម្ហូបត្រចៀកកំាប្លែកៗរៀបចំជូនសម្រាប់អ្នកចូលរួម ពិសេសក្នុងកម្មវិធីរាត្រីស្រមោសរ»។

បើតាមប្រធានសមាគមខាងលើ មុខម្ហូបអាហារផ្សំឡើងពីទឹកឬសំបុកត្រចៀកកំាអាចកែច្នៃធ្វើជាមុខម្ហូបពិសេសអាចឱ្យមនុស្សទូទៅបរិភោគបានកាន់តែប្រសើរ ហើយវាអាចជួយបង្កើននូវគុណតម្លៃឱ្យត្រចៀកកំាកាន់តែមានភាពអស្ចារ្យសម្រាប់ប្រើប្រាស់។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកំាកម្ពុជាកាលពីថ្មីៗនេះវបបង្ហាញថា វេទិការធុរកិច្ចនេះចាប់ផ្តើមនៅថ្ងៃទី២៤- ២៥ខែតុលា មានការចូលរួមពីអាជីវករអភិរក្សសត្វត្រចៀកកំាផ្ទាល់ និងពាណិជ្ជករ មកពីបណ្តាប្រទេសដែលនាំចូលសំបុកត្រចៀកកំាដើម្បីធ្វើការកែច្នៃមានដូចជា ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, សាធារណរដ្ឋប្រជាមានិតចិន, ហុងកុង, ម៉ាកាវ, តៃវ៉ាន់ និងប្រទេសសឹង្ហបុរី។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា« នៅក្នុងព្រឹត្តិការណ៍នេះមានសកម្មភាពសំខាន់ៗ មានដូចជាការដាក់តំាងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលពាក់ព័ន្ធនិងសំបុកត្រចៀកកំារបស់អាជីវករ ពាណិជ្ជករកម្ពុជា និងអាជីវករ ពាណិជ្ជករបរទេស ការដេញថ្លៃសំបុកត្រចៀកកំា ជំនួបធុរកិច្ចរវាងអាជីវករ ពាណិជ្ជករកម្ពុជានិងអាជីវករ ពាណិជ្ជករបរទេសដែលបានចូលរួមកម្មវិធីរាត្រីស្រមោសរនិងសកម្មភាពពាក់ព័ន្ធផ្សេងទៀត»៕

អត្ថបទ៖សារេត