មហាសេដ្ឋីអាមេរិក Ron Baron៖ ក្រុមហ៊ុន Tesla អាចពង្រីកខ្លួនធំជាងបច្ចុប្បន្នដល់ ៥ដង

អន្តរជាតិ

មហាសេដ្ឋី និងជា CEO ប្រចាំក្រុមហ៊ុន Baron Capital លោក Ron Baron បាននិយាយនៅក្នុង​កម្មវិធី Squawk Box របស់ប៉ុស្តិ៍ទូរទស្សន៍ CNBC ថា ក្រុមហ៊ុន Tesla អាចនឹងពង្រីកខ្លួនកាន់តែធំ ពោលគឺអាចនឹងធំជាងបច្ចុប្បន្ន រហូតដល់ ៥ដងឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Investing។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសន៍មួយនោះ មហាសេដ្ឋីអាមេរិករូបនេះបានបង្ហាញពីការជឿជាក់លើក្រុមហ៊ុន Tesla ថា តម្លៃក្រុមហ៊ុនមួយនេះ នឹងកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយបានបញ្ជាក់ទៀតថា៖ ខ្ញុំគិតថា រយៈពេល ៧ឆ្នាំទៀត Tesla នឹងមានមូលធនទីផ្សារធំជាងបច្ចុប្បន្ន រហូតដល់ ៤ ឬ ៥ដង។

បន្ថែមពីនោះ វិនិយោគិនរូបនេះបានបង្ហើបថា ក្រុមហ៊ុនរបស់លោកទទួលបានផលចំណេញ ពីការបណ្ដាក់ទុននៅក្រុមហ៊ុន Tesla រហូតដល់ជិត ២០ដង នៃប្រាក់ដើម ពោលតាំងពីទិញភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កាលពីឆ្នាំ២០១៤។

បើទោះជាមហាសេដ្ឋីអាមេរិករូបនេះ មានជំនឿចិត្តយ៉ាងខ្លាំងលើក្រុមហ៊ុន Tesla ប៉ុណ្ណា ប៉ុន្តែលោកមិនអាចបន្តទិញភាគហ៊ុនរបស់ Tesla ទៀតឡើយ ដោយសារតែមូលនិធិវិនិយោគ​របស់លោកមានកំណត់៕