ឧកញ៉ា យឹម តាស្រង់៖ ការត្រាំទឹកកកក្នុងពាងខ្មែរ ផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 ​​យល់​ថា ការត្រាំទឹកកកក្នុងពាងខ្មែរ គឺ​ផ្តល់​អត្ថប្រយោជន៍​ច្រើនដល់សុខភាព ​​ហើយ​លោក​តែង​ធ្វើ​ជា​ប្រចាំ អស់​រយៈពេល​ប្រមាណ​ ៣​ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា យឹម តាស្រង់ បាន​បញ្ជាក់​ឱ្យ​ដឹង​​តាម​រយៈ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃពុធ​ ដោយ​បង្ហោះរូបភាព​ត្រាំ​ទឹកកក ភ្ជាប់ជាមួយ​សារ​​យ៉ាង​ដូច្នេះ​ថា៖ “ត្រាំទឹកកកក្នុងពាងខ្មែរ។ ​ខ្ញុំត្រាំ៣ឆ្នាំហើយ សារពាង្គកាយស៊ាំ​ជាមួយទឹកកក​ហើយ វាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ជាពិសេសបង្វឹកចិត្តឱ្យចេះទ្រាំ-អត់ធ្មត់”។ លោក​ឧកញ៉ា បាន​បន្ថែម​ថា លោក​ត្រាំម្តង​ចំនួន​​១៥នាទី ដោយ​ត្រូវ​ការ​ទឹកកកអនាម័យ​ចំនួន ៤បេដាក់ក្នុងទឹកពាង រីឯ​​សម្រាប់​អ្នក​ត្រាំដំបូង​ អាច​ដាក់​​ទឹកកក​ត្រឹម២ឬ៣បេក៏បាន។

ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ការ​ត្រាំ​ទឹកកក​នេះ លោក​ ថោង ដា ប្រធាន​ក្រុម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា ការ​ត្រាំ​ទឹកកក ពិត​ជា​អាច​ជួយ​ស្រួល​ដល់​សាច់ដុំ ព្យាបាលសាច់ដុំ​នៅ​ពេល​យើង​ធ្វើការ​នឿយហត់ ឬ​ថ្ងៃណា​ដែល​យើង​ធ្វើការងារ​ធ្ងន់ អាច​ត្រាំ​ទឹកកក​បាន​ ដើម្បី​ជួយ​សម្រួល​សរសៃ​សាច់ដុំ និង​ជួយ​បណ្តេញ​ជាតិ​អាស៊ីត​ចេញ​​ពី​សាច់ដុំ​ផងដែរ។ លោក​បន្ត​ថា ជាទូទៅ​ គេត្រាំ​រយៈពេល ៨​នាទី ទៅ​ដល់​ ១២នាទីឬ​១៥នាទី៕