កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ក្រុមហ៊ុនកាហ្វេលំដាប់ពិភពលោក Starbucks បានប្រកាសថា មហាសេដ្ឋី Howard Schultz អតីត CEO ប្រចាំក្រុមហ៊ុន បានសម្រេចចិត្តលាលែងពីតំណែងនៅក្រុមប្រឹក្សាភិបាលហើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានរាយការណ៍ថា បើទោះជាលោក Schultz សម្រេចចិត្តចូលនិវត្តន៍ក្ដី ប៉ុន្តែក្រុមហ៊ុន Starbucks នៅតែតែងតាំងលោកជា ប្រធានកិត្តិយសពេញមួយជីវិត។
ការលាលែងតំណែងរបស់មហាសេដ្ឋីអាមេរិករូបនេះ គឺធ្វើឡើងតាមដែលផែនការគ្រោងទុក ខណៈកាលពីខែមីនាកន្លងទៅ លោកក៏បានចុះចេញពីតំណែងជា CEO ប្រចាំក្រុមហ៊ុនផងដែរ។
ជាមួយគ្នានោះ ក្រុមហ៊ុន Starbucks បានអះអាងថា អតីត CEO រូបនេះយកពេលដែលចូលនិវត្តន៍ ដើម្បីជួយការងារភរិយារបស់លោក អ្នកស្រី Sheri សម្រាប់ការវិនិយោគសប្បុរសធម៌ និងសហគ្រិនភាព។
សូមជម្រាបដែរថា Starbucks បានជ្រើសយកលោកស្រី Wei Zhang ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន Alibaba Group និងធ្លាប់កាន់តំណែងជាប្រធានក្រុមហ៊ុន Alibaba Pictures Group មកកាន់តំណែងបន្តពីលោក Schultz ជាក្រុមប្រឹក្សាភិបាល ពីថ្ងៃទី០១ ខែតុលាតទៅ៕