លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ប្រធានសមាគមជប៉ុន-កម្ពុជា (JCA)ជប៉ុន ជួយទាក់ទាញសហគ្រាសធុនតូច និងមធ្យម(SMEs) ពីប្រទេសជប៉ុន ដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ការស្នើបែបនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ហេង សួរ ជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោក ហេង សួរ លើកឡើងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា។ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។មួយវិញទៀត លំហូរពាណិជ្ជករជប៉ុនបានចូលមកវិនិយោគកាន់តែច្រើនលើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលនេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជា។ លោក យល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជម្រុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងការងារ បានស្នើដល់ភាគីជប៉ុន ជួយទាក់ទាញសហគ្រាសធុនតូច និងមធ្យម(SMEs) ពីប្រទេសជប៉ុន ដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ដែលការណ៍នេះ បានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុនក្នុងការជំរុញការអភិវឌ្ឍនៃប្រទេសកម្ពុជា។
លើសពីនោះ លោក ក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារ ដែលស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពិសេសគឺការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់មកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការបន្តគាំទ្រស្ថាប័ន TVET ដែលកំពុងសហការស្រាប់ជាមួយភាគីជប៉ុន។
ជាការឆ្លើយតប លោកTakahashi Fumiaki បានទទួលយកសំណូមពរ និងបានបញ្ជាក់ថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តទាំងនោះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព។ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏ចង់ផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម និងអាចផ្តល់ចំណូលបានប្រសើរផងដែរ។
បន្ថែមពីនោះ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតផងដែរ៕